ព័ត៌មានអន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅជប៉ុនកើនឡើងដល់ ១៣នាក់ ខណៈអាគារ ស្ពាន និងផ្សារទំនើបដួលរលំ
រញ្ជួយដីកម្រិត ៧.១ រ៉ិចទ័របានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣ នាក់នៅជិតទីក្រុង Kumamoto ភាគខាងត្បូងប្រទេសជប៉ុន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិតដែលជាប់នៅក្រោមគំនរបាក់បែកយ៉ាងអន្ទះសារ។
បើយោងតាមនាយករដ្ឋមន្ត្រី Sanae Takaichi បាននិយាយនៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដានេះថា «ឥឡូវនេះ មានមនុស្សកំពុងរង់ចាំការជួយសង្គ្រោះ ហើយនេះគឺជាការប្រណាំងប្រជែងនឹងពេលវេលា។ យើងនឹងរៀបចំធនធានដែលមានទាំងអស់នៅលើដីដើម្បីជួយសង្គ្រោះមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
ការរញ្ជួយដីនេះបានធ្វើឱ្យផ្ទះរាប់ពាន់ខ្នងដាច់ចរន្តអគ្គិសនី ស្ពាន និងផ្លូវថ្នល់បាក់បែកនៅទូទាំងតំបន់ ខណៈក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សប្រាំបីនាក់ចេញពីគំនរបាក់បែកនៃផ្សារទំនើបអ៊ីអនម៉លដែលដួលរលំ។
យោងតាមទូរទស្សន៍សាធារណៈ NHK បានឱ្យដឹងថា កម្មករផ្សារទំនើបប្រហែល ២០ ទៅ ៣០ នាក់បានបាត់ខ្លួន។ ហើយមនុស្សប្រាំពីរនាក់ក៏បាត់ខ្លួនផងដែរ បន្ទាប់ពីបំពង់ផ្សែងបានដួលរលំនៅរោងចក្រផលិតក្រដាសថ្មី Nippon Paper Industries ខណៈដែលមនុស្សបួននាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។
ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ (១២ ម៉ាយ) ភាគខាងត្បូងនៃទីក្រុង Kumamoto ដែលជាទីក្រុងធំបំផុតនៅកណ្តាល Kyushu ដែលមានប្រជាជនប្រហែល ៧០០,០០០ នាក់។
ដោយសារផ្ទះជាង ៣៦.០០០ ខ្នងនៅតែគ្មានអគ្គិសនីប្រើប្រាស់ អាជ្ញាធរបានបង្ហាញការព្រួយបារម្ភអំពីហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលដោយសារសីតុណ្ហភាពក្តៅឡើងដល់ប្រហែល ៣៤ អង្សាសេ (៩៣ អង្សាហ្វារិនហៃ)។
គូសបញ្ជាក់ថា ការរញ្ជួយដីដ៏ធំមួយនៅ Kumamoto កាលពី ១០ ឆ្នាំមុនបានសម្លាប់មនុស្ស ២៧៥នាក់ និងរបួស ២,៧៣៩ នាក់បន្ថែមទៀត ហើយបានបំផ្លាញអគាររាប់ពាន់ខ្នង រួមទាំងជញ្ជាំងប្រាសាទរបស់ទីក្រុង ដែលជាកន្លែងទេសចរណ៍កំពូលមួយ៕