ព័ត៌មានទូទៅ

ជួសជុលច្រាំង«កសិន្ធុ»ជ្រុងខាងជើងប្រាសាទអង្គរវត្ត

Published

on

46 Views

ច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។

លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។
ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។

លោកស្រី នង បូរ៉ាវី បានពន្យល់ថា ស្ថានភាពការខូចខាត​នៅច្រាំងកសិន្ធុនេះបណ្តាលមកពីអាយុកាល ប្រទេសមានសង្រ្គាមនាំឱ្យខ្វះការថែទាំបណ្តាលឱ្យគ្រឹះខាងក្រោមខូចខាត ធ្វើឱ្យថ្មនៅប៉ែកខាងលើរលុះស្រុតបាត់បង់រចនាសម្ព័ន្ធដើម។ កត្តារុក្ខជាតិ និងដើមឈើធំៗដុះតាមបណ្តោយច្រាំងពីដើម ក៏ជាកត្តាបង្កហានិភ័យរុញ និងញែកថ្ម​ឱ្យខូចទម្រង់ដើមផងដែរ។

ចំពោះការងារជួសជុលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើថ្ម ជួសជុលថ្ម ធ្វើទំនប់ បុកបង្ហាប់ដី និងរៀបចំថ្មទៅតាមទម្រង់ដើមវិញ។ ច្រាំងកសិន្ធុនេះមានកាំថ្មបាយក្រៀមខាងក្រោម៧កាំ និងថ្មភក់ចំនួន ៣កាំ។

លោកស្រី នង បូរ៉ាវី មានសុទិដ្ឋិនិយមថា ក្រោយពេលជួសជុលរួចរាល់នឹងជួយលើកតម្លៃ​ច្រាំងកសិន្ធុ​​អង្គរវត្តឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ផ្តិតរូបភាព​កាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី

Leave a Reply

Your email address will not be published. Required fields are marked *

19 − 3 =

ពេញនិយម

Exit mobile version