ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ គ្រោងបិទច្រកសមុទ្រក្រហម ដើម្បីបង្កើនវិបត្តិពាណិជ្ជកម្មសកល

Published

on

45 Views

ស្របពេលច្រកសមុទ្រហ័រមូហ្ស​នៅតែបន្តបិទ​ ​ឥឡូវនេះ អ៊ីរ៉ង់កំពុងបង្ហាញសញ្ញាថា ខ្លួនអាចនឹង​​បង្កើនបន្ទុកថ្មីលើពាណិជ្ជកម្មពិភពលោក តាមរយៈការប្រើក្រុមប្រដាប់អាវុធហ៊ូធី​នៅយេម៉ែន ​ឱ្យ​បិទច្រកបាបអែល ម៉ាន់ដេប (Bab el-Mandeb) ដែលជាផ្លូវទឹកដ៏សំខាន់ភ្ជាប់សមុទ្រក្រហមទៅកាន់ឈូងសមុទ្រអេដិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រនៅថ្ងៃទី១៥ ខែកក្កដានេះ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការគំរាមបិទច្រក បាប អែល ម៉ាន់ដេប បង្ហាញថា អ៊ីរ៉ង់កំពុងពង្រីកជម្លោះឱ្យហួសពីឈូងសមុទ្រពែរ្ស ដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាម៉េរិក និងធ្វើឱ្យពិភពលោកព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកល។

ច្រកសមុទ្រ បាប អែល ម៉ាន់ដេប គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ពិភពលោក ដែលប្រេងពីអារ៉ាប៊ីសាអូឌីត និងទំនិញជាច្រើនឆ្លងកាត់ មុនចូលទៅកាន់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។ ប្រសិនបើច្រកនេះត្រូវ​បិទបន្ទាប់ពី​ច្រកហ័រមូហ្ស​ នោះផ្លូវទឹកសំខាន់ ២ ដែលជាមូលដ្ឋាននៃពាណិជ្ជកម្ម និងទីផ្សារប្រេងពិភពលោក នឹងរងផលប៉ះពាល់ក្នុងពេលតែមួយ។

ពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្រុមហ៊ូធីម្នាក់ បានព្រមានថា កងកម្លាំងយេម៉ែនត្រៀមបិទច្រក បាប អែល ម៉ាន់ដេប ប្រសិនបើអារ៉ាប៊ីសាអូឌីតបន្តវាយប្រហារលើយេម៉ែន។

ក្រុមហ៊ូធីធ្លាប់បង្ហាញសមត្ថភាពរំខានដល់ពាណិជ្ជកម្មពិភពលោករួចមកហើយ អំឡុងពេលសង្គ្រាមនៅតំបន់ហ្កាហ្សាបានផ្ទុះឡើងក្នុងឆ្នាំ២០២៣ ក្រុមនេះបានវាយប្រហារនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម ដោយអះអាងថា កំណត់គោលដៅលើនាវាដែលពាក់ព័ន្ធនឹងអ៊ីស្រាអែល។ ការវាយប្រហារទាំងនោះ បានបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនប្តូរផ្លូវទៅជុំវិញទ្វីបអាហ្វ្រិក ដែលធ្វើឱ្យការដឹកជញ្ជូនចំណាយថ្លៃកាន់តែខ្ពស់ និងជំរុញឱ្យសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស បើកការវាយប្រហារតបតវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

1 × 5 =

ពេញនិយម

Exit mobile version