ព័ត៌មានអន្តរជាតិ
ព្យុះទីហ្វុងបាវីនឹងវាយប្រហារកូរ៉េខាងជើង ខណៈប្រជាជនប្រុងជើងត្រៀមទប់ទល់
កូរ៉េខាងជើងបានព្រមានអំពីភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំងនៅថ្ងៃទី១៤កក្កដានេះ ខណៈដែលព្យុះទីហ្វុងបាវីខិតជិតមកដល់ ដោយមេដឹកនាំ គីម ជុងអ៊ុន បានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិ។
គ្រោះមហន្តរាយធម្មជាតិ មានផលប៉ះពាល់យ៉ាងខ្លាំងទៅលើកូរ៉េខាងជើងដែលឯកោ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចខ្សោយរបស់ខ្លួន។
យោងតាមកាសែត Rodong Sinmun ដែលគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង ព្យុះទីហ្វុងនេះត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាប មុនពេលឆ្លងកាត់តំបន់កណ្តាលរបស់ប្រទេសតាមរយៈសមុទ្រលឿង រវាងថ្ងៃអង្គារ និងថ្ងៃពុធ។
ទីភ្នាក់ងារនេះក៏បានចេញការព្រមានអំពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងផងដែរ ដោយជម្រុញឱ្យមន្ត្រី និងកម្មករទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត និងចាត់វិធានការបន្ទាន់ដើម្បីកាត់បន្ថយការខូចខាត។
នៅតំបន់ភាគខាងត្បូង ក្នុងចំណោមតំបន់ផ្សេងៗទៀត ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ពី ១៥០-២០០ មីលីម៉ែត្រ ក៏ដូចជាខ្យល់បក់ក្នុងល្បឿន ១០-១៥ ម៉ែត្រក្នុងមួយវិនាទីតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិច និងនៅតំបន់ដីគោកមួយចំនួន។
គូសបញ្ជាក់ថា ប្រទេសក្រីក្រមួយនេះ ត្រូវបានវាយប្រហារដោយទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ភាគខាងជើងរបស់ខ្លួនក្នុងឆ្នាំ ២០២៤ ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា មនុស្សរហូតដល់ ១៥០០ នាក់អាចស្លាប់ ឬបាត់ខ្លួន ប៉ុន្តែរបាយការណ៍នេះត្រូវបានទីក្រុងព្យុងយ៉ាងបានបដិសេធនៅពេលនោះ៕