វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា
គំនិតផ្តួចផ្តើម «Cambodia Green Mobility Initiative 2026»
បើកដំណើរការជាផ្លូវការ
ដើម្បីរួមគ្នាកសាងអនាគតយានយន្តអគ្គិសនីនៅកម្ពុជា
ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ — ក្រុមហ៊ុន GenRich Investment សហការជាមួយ Graphion Energy Solutions បានរៀបចំពិធីបើកដំណើរការ Cambodia Green Mobility Initiative 2026 ក្រោមប្រធានបទ «Building Cambodia’s Electric Future Together» នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី និងលើកកម្ពស់ការធ្វើដំណើរប្រកបដោយចីរភាពនៅកម្ពុជា។
ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងវិស័យឯកជន វិនិយោគិន ដៃគូអាជីវកម្ម អ្នកជំនាញ និងភាគីពាក់ព័ន្ធជាច្រើន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការគាំទ្រការអភិវឌ្ឍថាមពលស្អាត និងប្រព័ន្ធដឹកជញ្ជូនបៃតងនៅកម្ពុជា។
ក្នុងពិធីបើក លោក Ki Young Nam ស្ថាបនិកនៃ Graphion Energy Solutions បានធ្វើបទបង្ហាញអំពីចក្ខុវិស័យ និងទិសដៅរបស់គម្រោង Cambodia Green Mobility Initiative 2026 ដោយផ្តោតលើការពន្លឿនការប្រើប្រាស់យានយន្តអគ្គិសនី ការអភិវឌ្ឍបណ្តាញស្ថានីយសាកថ្ម និងការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត។
ជាមួយគ្នានេះ លោក Lim Lork Johnson អគ្គនាយកក្រុមហ៊ុន GenRich Investment បាន លើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន ក្នុងការទាក់ទាញការវិនិយោគ ការនាំចូលបច្ចេកវិទ្យាទំនើប និងការបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
ក្នុងឱកាសនោះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រវាងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអនុវត្តគម្រោងដែលនឹងរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនបៃតងរបស់ប្រទេស។
ជាមួយនេះ អ្នកចូលរួមក៏បានទស្សនាការបង្ហាញអំពីម៉ូតូអគ្គិសនី និងបច្ចេកវិទ្យាពាក់ព័ន្ធ ដែលបង្ហាញពីសមត្ថភាព និងនវានុវត្តន៍ក្នុងវិស័យយានយន្តអគ្គិសនី ព្រមទាំងការតភ្ជាប់ជាមួយដំណោះស្រាយថាមពលស្អាតដែលអាចគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
កម្មវិធី Cambodia Green Mobility Initiative 2026 ត្រូវបានរំពឹងថានឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ការសហការរវាងវិស័យសាធារណៈ និងឯកជន ក្នុងការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី កាត់បន្ថយការបញ្ចេញឧស្ម័នកាបូន និងរួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍បៃតងរបស់កម្ពុជា ស្របតាមនិន្នាការអភិវឌ្ឍសកល៕