ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រាប់អាស៊ានថាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានប្អូនស្រីបង្កើតមើលថែយ៉ាងល្អ

Published

on

57 Views

រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាបានប្រាប់អាស៊ានថា អតីតមេដឹកនាំដែលត្រូវបានឃុំខ្លួន លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានប្អូនស្រីបង្កើតរបស់ខ្លួនម្នាក់កំពុងមើលថែយ៉ាងដិតដល់ ដោយមិនប្រាប់ទីកន្លែងដែលលោកស្រីកំពុងឃុំឃាំងឡើយ។

យោងតាម លោកស្រី Maria Theresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃទី១២ ខែកក្កដានេះថា ចាប់តាំងពីធ្វើរដ្ឋប្រហារយោធាឆ្នាំ ២០២១ ទម្លាក់លោកស្រី ស៊ូជី ចេញពីតំណែងមក បានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងជម្លោះស៊ីវិលរហូតមកដល់បច្ចុប្បន្ន។

លោកស្រី Lazaro បញ្ជាក់ថា «លោកស្រី អ៊ុងសាន ស៊ូជី គឺមានសុខភាពល្អ ហើយលោកស្រីមានសាច់ញាតិជាប្អូនស្រី កំពុងមើលថែលោកស្រី»។

អ្នកការទូតកំពូលៗនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន ១១ ប្រទេសបានជួបផ្ទាល់ជាមួយសមភាគីមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យជាលើកដំបូងចាប់តាំងពីរដ្ឋប្រហារមក ដើម្បីផ្តួចផ្តើមសន្តិភាពមួយក្នុងការបញ្ឈប់សង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សប្រមាណ ១០០.០០០ នាក់។

គូសបញ្ជាក់ថា លោកស្រី ស៊ូជី កំពុងជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ដែលថ្មីៗនេះត្រូវបានបន្ធូរបន្ថយទោសមួយភាគបី លើបទចោទប្រកាន់ព្រហ្មទណ្ឌជាច្រើន ខណៈសម្ព័ន្ធមិត្តរបស់លោកស្រីអះអាងថាត្រូវបានប្រឌិតឡើងដើម្បីរារាំងលោកស្រីមិនឱ្យចូលរួមក្នុងឆាកនយោបាយ។ លោកស្រី ស៊ូជី បានបដិសេធការប្រព្រឹត្តខុស ហើយកន្លែងស្នាក់នៅពិតប្រាកដរបស់លោកស្រីមិនត្រូវបានគេដឹងនោះឡើយ។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានដោយសារតែការបរាជ័យរបស់ពួកគេក្នុងការអនុវត្តផែនការសន្តិភាព «ឯកភាពគ្នាប្រាំចំណុច» ដែលបានព្រមព្រៀងជាមួយប្លុក ដែលស្ទើរតែមិនមានវឌ្ឍនភាពអ្វីឡើយ។

ថ្មីៗនេះ ក្រសួងការបរទេសមីយ៉ាន់ម៉ានៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចប្រជុំកាលពីថ្ងៃអាទិត្យបានពិភាក្សាអំពីការបង្កើនទំនាក់ទំនង និង «កិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាសម្រាប់ការស្តារឡើងវិញនូវការចូលរួមពេញលេញ និងស្មើភាពរបស់មីយ៉ាន់ម៉ានៅក្នុងអាស៊ាន»។

ជាមួយគ្នានេះ ក្រុមអ្នកនយោបាយ ​និងជនជាតិភាគតិចចំនួន ២០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍មួយដោយបានសម្តែងការព្រួយបារម្ភអំពីកិច្ចប្រជុំអាស៊ានជាមួយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ដែលកំពុងបដិសេធគំនិតផ្តួចផ្តើមសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *

4 × 1 =

ពេញនិយម

Exit mobile version