ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងបើកកិច្ចប្រជុំជាមួយសមភាគីមីយ៉ាន់ម៉ា នៅចុងសប្តាហ៍នេះ
រដ្ឋមន្ត្រីការបរទេសនៃប្លុកអាស៊ីអាគ្នេយ៍នឹងធ្វើកិច្ចប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ានៅទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី១២ ខែកក្កដា នេះបើយោងតាមការប្រកាសរបស់ប្រទេសថៃ និងវៀតណាម។
កិច្ចប្រជុំនេះ នឹងផ្តោតទៅលើរដ្ឋាភិបាលថ្មីមីយ៉ាន់ម៉ា លោក មីន អ៊ុនឡាំង ដែលគាំទ្រដោយកងទ័ព បានចូលកាន់តំណែងប្រធានាធិបតីបន្ទាប់ពីការបោះឆ្នោតកាលពីដើមឆ្នាំនេះ ហើយឥឡូវនេះកំពុងស្វែងរកកៅអីឡើងវិញជាមួយមេដឹកនាំអាស៊ានផ្សេងទៀត បន្ទាប់ពីពួកគេត្រូវបានដកចេញពីកិច្ចប្រជុំកំពូលរបស់អាស៊ាន ក្រោយរដ្ឋប្រហារយោធាឆ្នាំ ២០២១ និងសង្គ្រាមស៊ីវិលដែលបានកើតឡើង។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Pham Thu Hang បានលើកឡើងថា «កិច្ចប្រជុំនៅទីក្រុងបាងកកគឺជាឱកាសមួយសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការសន្ទនាផ្សះផ្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
សង្គ្រាមស៊ីវិលដ៏អូសបន្លាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្រុមប្រដាប់អាវុធជាច្រើនកំពុងប្រយុទ្ធប្រឆាំងនឹងយោធា បានបំផ្លិចបំផ្លាញប្រទេសក្រីក្រមួយនេះ ដោយបានសម្លាប់មនុស្សជាង ១០០,០០០នាក់ និងធ្វើឱ្យមនុស្សរាប់លាននាក់ផ្លាស់ទីលំនៅ។
អតីតមេដឹកនាំរបបយោធាមីយ៉ាន់ម៉ាដែលបានក្លាយជាប្រធានាធិបតី លោក មីន អ៊ុងឡាំង ដែលបានដឹកនាំរដ្ឋប្រហារឆ្នាំ ២០២១ បានធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវកាលពីសប្តាហ៍មុន ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋសមាជិកអាស៊ានចាប់តាំងពីលោកឡើងកាន់តំណែងជាពលរដ្ឋស៊ីវិលថ្មី៕