ព័ត៌មានអន្តរជាតិ
អន់ចិត្តព្រោះមិនជួយវាយអ៊ឺរ៉ង់! ត្រាំ ប្រកាសកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយអេស្ប៉ាញ
លោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ខែកក្កដានេះ បានប្រកាសកាត់ផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ ក្រោយភាគីទាំងពីរមានភាពរកាំរកូស និងមិនចុះសម្រុងគ្នាទាល់តែសោះ ពាក់ព័ន្ធវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងការចំណាយនៅអង្គការណាតូ។
ថ្លែងក្នុងសន្និសីទកាសែត ជាមួយប្រមុខអង្គការណាតូ ម៉ាក រូតេ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី លោកត្រាំ ហៅអេស្ប៉ាញថាជា «ដៃគូដ៏អាក្រក់បំផុត» នៅក្នុងសម្ព័ន្ធភាពយោធា។
លោកបានគូសបញ្ជាក់ថា «អេស្ប៉ាញ គឺជាដៃគូដ៏អាក្រក់បំផុត នៅក្នុងអង្គការណាតូ។ ពួកគេមិនចូលរួម ហើយពួកគេក៏មិនព្រមបង់ប្រាក់ដែរ។ ខ្ញុំមិនចង់ពាក់ព័ន្ធអ្វីទាំងអស់ជាមួយអេស្ប៉ាញ ហើយត្រូវកាត់ផ្តាច់រាល់ការធ្វើពាណិជ្ជកម្មជាមួយអេស្ប៉ាញ រួមទាំងការធ្វើទស្សនកិច្ចផងដែរ កុំនិយាយជាមួយពួកគេ។ ពួកគេ គឺជាមនុស្សដែលគ្មានសង្ឃឹម និងមិនមែនជាមនុស្សល្អឡើយ»។
លទ្ធផលដ៏អាក្រក់មួយនេះ ដោយសារលោក ត្រាំ មិនសប្បាយចិត្តជាមួយនឹងប្រទេសអេស្ប៉ាញទេ ព្រោះនាយករដ្ឋមន្ត្រី Pedro Sánchez បានសម្រេចបិទមិនឲ្យយោធាអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអាកាស និងជើងទឹករបស់ខ្លួន ដូចជាមូលដ្ឋានទ័ព Rota និង Morón នៅភាគខាងត្បូងប្រទេស សម្រាប់ប្រតិបត្តិការវាយប្រហារលើអ៊ីរ៉ង់។
ពេលនោះ អេស្ប៉ាញប្រកាសថា ខ្លួនអនុញ្ញាតឲ្យអាម៉េរិក ប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះតែចំពោះសកម្មភាពណា ដែលស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិប៉ុណ្ណោះ ខណៈខ្លួនយល់ថាការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ គឺជាទង្វើខុសច្បាប់អន្តរជាតិ៕