ព័ត៌មានអន្តរជាតិ

យន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក ៣៣គ្រាប់ក្បែរដីថៃ ខណៈគ្រាប់បែកមួយចំនួនបំផ្លាញផ្ទះពលរដ្ឋថៃអស់ជាច្រើនខ្នង   

Published

on

59 Views

ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា រឹតតែក្តៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែសាហាវទៅៗ។ ចុងក្រោយបំផុតនេះ កងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះ ទៅទម្លាក់គ្រាប់បែក ជាង ៣០គ្រាប់លើទីតាំងរបស់កងកម្លាំងការ៉ែន ដែលមានចម្ងាយត្រឹម ៣គីឡូម៉ែត្រប៉ុណ្ណោះ ពីដីថៃ ហើយមិនត្រឹមប៉ុណ្ណឹង គ្រាប់ផ្លោងមីយ៉ាន់ម៉ា ក៏ហោះធ្លាយចូលដីថៃ ក្នុងខេត្ត Tak ផងដែរ។ នេះបើយោងតាមការផ្សាយរបស់អង្គភាពAmarin TV នៅថ្ងៃទី៦ ខែកក្កដានេះ។

យន្តហោះ Y-12 របស់មីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែក ៣៣គ្រាប់ លើបន្ទាយក្រុម​ការ៉ែន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិ Thicha Lae នៃឃុំ Wa Lae Mai ស្រុក Myawaddy ចម្ងាយប្រហែល ៣គីឡូម៉ែត្រពី ភូមិ Wa Lae Tai ឃុំ Wa Lae នៃស្រុក Phop Phra ខេត្ត Tak ប្រទេសថៃ។ យ៉ាងណាម៉ិញ មិនទាន់មានរបាយការណ៍អំពីមនុស្សស្លាប់និងរបួសនោះឡើយ។

ចំណែកការប្រយុទ្ធគ្នាជើងគោកវិញ គ្រាប់កាំភ្លើងត្បាល់មួយគ្រាប់ បានធ្លាក់ចូលក្នុងភូមិ Huai Maha Wong នៃស្រុក Mae Sot ខេត្ត Tak ប្រទេសថៃ ត្រូវចំផ្ទះពលរដ្ឋ ខ្ទេចអស់មួយខ្នង។ លើសពីនោះ គ្រាប់កាំភ្លើងយន្តបាញ់ចេញពីមីយ៉ាន់ម៉ា ក៏ស្រោចត្រូវចំផ្ទះមួយខ្នងទៀតដែរ ទាំងដែលមានមនុស្ស ២នាក់ស្ថិតនៅក្នុងនោះ ប៉ុន្តែគ្មាននរណាម្នាក់ របួសទេ។

គូសបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយ ដែលគ្រាប់របស់មីយ៉ាន់ម៉ា ហោះធ្លាយចូលដីថៃ។ ជាក់ស្តែង ជារឿយ ភាគីថៃតែងត្រូវរងគ្រោះជាបន្តបន្ទាប់ ប៉ះពាល់ដល់សម្បែងពលរដ្ឋ ជាពិសេសក្នុងខេត្ត Mae Hong Son និង Tak ប៉ុន្តែថៃ មិនដែលហ៊ានតបតអ្វីទៅមីយ៉ាន់ម៉ាវិញទេ ក្រៅពីទទួចឱ្យការបាញ់ប្រហាររវាងគ្នានឹងកុំឱ្យប៉ះពាល់ដល់ទឹកដីថៃតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

2 × four =

ពេញនិយម

Exit mobile version