ព័ត៌មានអន្តរជាតិ

ផ្អើលសមុទ្រចិនខាងត្បូង! ចិន និងរុស្ស៊ី ធ្វើសមយុទ្ធកងទ័ពជើងទឹកទ្រុងទ្រាយធំរួមគ្នា

Published

on

87 Views

ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាប្រចាំឆ្នាំនៅឯឆ្នេរសមុទ្រចិន ក្នុងមានគោលបំណងឆ្លើយតបរួមគ្នាចំពោះបញ្ហាប្រឈមសន្តិសុខ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។​ ខណៈប្រទេសទាំងពីរមានទំនាក់ទំនងសេដ្ឋកិច្ច និងការទូតយ៉ាងជិតស្និទ្ធ ហើយទំនាក់ទំនងរបស់ពួកគេត្រូវបានពង្រឹងដោយការប្រឆាំងរួមគ្នាចំពោះសណ្តាប់ធ្នាប់សកលដែលគ្រប់គ្រងដោយទីក្រុងវ៉ាស៊ីនតោន។

យោធាចិន និងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នាជាប្រចាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាភាពជាដៃគូដែលលោកខាងលិច និងរដ្ឋាភិបាលមួយចំនួនទៀតមើលឃើញដោយការសង្ស័យ ខណៈដែលសង្គ្រាមរបស់ទីក្រុងមូស្គូលើអ៊ុយក្រែននៅតែបន្ត។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបានឱ្យដឹងថា កងកម្លាំងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងចូលរួមក្នុងសមយុទ្ធ «សមុទ្ររួមគ្នា-២០២៦» នៅក្នុង «ដែនទឹក និងដែនអាកាស» នៅឯទីក្រុងឈីងតាវ ដែលជាកំពង់ផែយោធា និងរមណីយដ្ឋានមាត់សមុទ្រដ៏សំខាន់មួយនៅភាគខាងកើតប្រទេសចិន។

ដោយបន្ថែមថា «បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងមួយចំនួនមកពីភាគីទាំងពីរនឹងធ្វើល្បាតសមុទ្ររួមគ្នានៅក្នុងតំបន់ពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក» ប៉ុន្តែដោយមិនបានបញ្ជាក់ថានៅទីណានោះទេ។

ដោយឡែក បញ្ជាការដ្ឋានកងទ័ពជើងទឹកភាគខាងជើងរបស់យោធាចិនក៏បានបញ្ជាក់ថា មាននាវាពិឃាតពីរគ្រឿង នាវាចម្បាំងមួយគ្រឿង នាវាមុជទឹកមួយគ្រឿង នាវាផ្គត់ផ្គង់មួយគ្រឿង និងនាវាជួយសង្គ្រោះមួយគ្រឿងនឹងចូលរួម ដែលសុទ្ធសឹងតែនាវាធុនធ្ងន់បំពាក់ដោយអាវុធទំនើបៗ។

សមយុទ្ធនេះនឹងគ្របដណ្តប់លើការឈ្លបយកការណ៍ ការការពារដែនអាកាស និងមីស៊ីល និងការវាយប្រហារលើដីគោក ដោយធ្វើឡើង៧ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៣ ខែកក្កដា នៅក្នុងសមុទ្រលឿង ដែលជាផ្ទៃទឹកដែលបំបែកប្រទេសចិនចេញពីឧបទ្វីបកូរ៉េ៕

Leave a Reply

Your email address will not be published. Required fields are marked *

one × two =

ពេញនិយម

Exit mobile version