ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ធ្វើតេស្តបាញ់មីស៊ីលផ្លោងចេញពីនាវាពិឃាត

Published

on

81 Views

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានសង្កេតមើលការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ និងប្រព័ន្ធប្រឆាំងនាវាមុជទឹក និងប្រព័ន្ធការពារដែនអាកាសនៅលើនាវាពិឃាតកងទ័ពជើងទឹក Kang Kon ។ នេះបើយោងតាមអង្គភាពរ៉យទ័រនៅថ្ងៃទី៦ ខែកក្កដានេះ។

ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ក្នុងគោលបំណងវាយតម្លៃប្រព័ន្ធប្រយុទ្ធរបស់នាវាចម្បាំងដែលទើបសាងសង់ថ្មី។ ការធ្វើតេស្តទាំងនោះរួមមានការត្រួតពិនិត្យសមត្ថភាពរកឃើញគោលដៅ និងដំណើរការព័ត៌មាន ប្រព័ន្ធបាញ់ប្រហាររួមបញ្ចូលគ្នា កាំភ្លើងធំកងទ័ពជើងទឹក កាំភ្លើងធំស្វ័យប្រវត្តិ និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក។

ជាមួយនឹងការបាញ់សាកល្បងនេះ លោក គីម បានសាទរចំពោះការរីកចម្រើនថ្មីៗក្នុងការអភិវឌ្ឍអាវុធ និងបានជម្រុញឱ្យប្រឹងប្រែងបន្ថែមទៀតដើម្បីពង្រីកសមត្ថភាពទប់ស្កាត់សង្គ្រាម និងប្រយុទ្ធរបស់កូរ៉េខាងជើង។

លោក គីម ក៏បានបញ្ជាឱ្យមន្ត្រីបញ្ចប់ការសាកល្បងនាវា Kang Kon និងដាក់ឱ្យនាវាពិឃាតនេះចូលបម្រើកងទ័ពជើងទឹកក្នុងរយៈពេលពីរខែផងដែរ។

នៅចុងខែមុន កូរ៉េខាងជើងបានដាក់ឱ្យនាវាពិឃាត Choe Hyon ទម្ងន់ ៥,០០០ តោនចូលបម្រើកងទ័ពជើងទឹក និងបានប្រកាសពីផែនការដាក់ពង្រាយនាវា Kang Kon ដែលជានាវាប្រភេទដូចគ្នា ដើម្បីជំរុញទំនើបកម្មកងទ័ពជើងទឹកកាន់តែខ្លាំងក្លាបន្ថែមទៀត។

ជាការគូសបញ្ជាក់ មេដឹកនាំកូរ៉េខាងជើង បានឱ្យសាងសង់នាវាចម្បាំងក្នុងមួយឆ្នាំឱ្យបានពីរគ្រឿង​ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ហើយក៏បានគូសបញ្ជាក់ពីផែនការសម្រាប់នាវាចម្បាំងទម្ងន់ ១០,០០០ តោនធំជាងនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

7 + 11 =

ពេញនិយម

Exit mobile version