ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Hasina ប្រកាសថានឹងវិលត្រឡប់មកប្រទេសវិញឆាប់ៗនេះ ដោយមិនខ្លាចការកាត់ទោសប្រហារជីវិត
(ដាកា)៖ អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង លោកស្រី Sheikh Hasina បានប្រកាសក្តែងៗថានឹងវិលត្រឡប់ទៅប្រទេសបង់ក្លាដែសវិញនៅឆ្នាំនេះ ដោយមិនខ្លាចការកាត់ទោសប្រហារជីវិត ហើយអ្នកស្រីបានប្រកាសថ្កោលទោសការសម្រេចនេះថាជា «ខុសច្បាប់ មិនស្របតាមរដ្ឋធម្មនុញ្ញ និងមានហេតុផលនយោបាយ»។ នេះបើយោងតាមអង្គភាពរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនានេះ។
លោកស្រី Hasina អាយុ ៧៨ឆ្នាំ ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីការបះបោរដឹកនាំដោយនិស្សិតបានផ្តួលរំលំលោកស្រីក្នុងខែសីហា ឆ្នាំ២០២៤។ ពេលនោះលោកស្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ឥណ្ឌា NDTV ថា លោកស្រីមិនរាថយចំពោះហានិភ័យនោះទេ ហើយនឹងយកឈ្នះគ្រប់ឧបសគ្គ និងគ្រប់ការឃុបឃិត ដើម្បីវិលត្រឡប់មកប្រទេសវិញ។
លោកស្រី សង្កត់ធ្ងន់ៗថា «ខ្ញុំចង់និយាយឲ្យច្បាស់ថា ដោយយកឈ្នះលើឧបសគ្គ និងរាល់ការឃុបឃិតគ្នាទាំងអស់ ខ្ញុំនឹងត្រឡប់ទៅប្រទេសរបស់ខ្ញុំវិញនៅឆ្នាំនេះ» ទោះបីជាមានការកាត់ទោសប្រហារជីវិតក៏ដោយ។
កាលពីខែវិច្ឆិកា ឆ្នាំមុន តុលាការទីក្រុងដាកាបានកាត់ទោសប្រហារជីវិត លោកស្រី ហាស៊ីណា បន្ទាប់ពីសម្រេចកាត់ទោសពីបទញុះញង់ បញ្ជាឲ្យសម្លាប់ និងបរាជ័យក្នុងការទប់ស្កាត់អំពើឃោរឃៅក្នុងអំឡុងពេលមានភាពចលាចលឆ្នាំ ២០២៤។
ដោយបដិសេធសាលក្រមនេះ លោកស្រីបានចោទប្រកាន់ប្រព័ន្ធតុលាការរបស់ប្រទេសបង់ក្លាដែសថាត្រូវបានប្រើជា «ឧបករណ៍នៃការសងសឹកនយោបាយ» ដែលមានគោលបំណងលុបបំបាត់ភាពជាអ្នកដឹកនាំរបស់គណបក្សសម្ព័ន្ធអាវ៉ាមីរបស់លោកស្រី។
ជាមួយគ្នានេះ លោកស្រីក៏បានជំរុញឱ្យរដ្ឋាភិបាលដឹកនាំដោយ Tarique Rahman ស្តារឡើងវិញនូវបរិយាកាសប្រជាធិបតេយ្យត្រឹមត្រូវ ការដោះលែងអ្នកទោសនយោបាយ និងអនុញ្ញាតឱ្យមានសកម្មភាពនយោបាយដោយសន្តិវិធី៕