ព័ត៌មានអន្តរជាតិ
ថៃបិទសាលារៀនបន្ទាន់ ក្រោយយោធាមីយ៉ាន់ម៉ាច្រឡំបាញ់កាំភ្លើងធំចូលទឹកដីថៃ
(ក្រុងបាងកក)៖កងទ័ពភូមិន្ទថៃបានបង្ខំចិត្តបិទសាលាព្រំដែនមួយកន្លែងជាបណ្ដោះអាសន្ននៅក្នុងខេត្តតាក បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានផ្លោងគ្រាប់កាំភ្លើងធំឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីថៃ។
យោងតាមអ្នកនាំពាក្យរងកងទ័ពភូមិន្ទថៃ បានឱ្យដឹងថា សាលាបានម៉ែកូនកែន ក្នុងស្រុកម៉ែសូត ខេត្តតាក បានផ្អាកថ្នាក់រៀនដោយសារតែស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែនភាគខាងលិចថៃ-មីយ៉ាន់ម៉ា។ ដោយបន្ថែមថា កងកម្លាំងថៃកំពុងតាមដានយ៉ាងដិតដល់នូវស្ថានភាពព្រំដែន បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ាបានពង្រឹងទីតាំងនៅបានមីនឡាប៉ាន និងបានផលលូ ក្នុងខេត្តមីយ៉ាវ៉ាឌី ទល់មុខបានតំបន់ហួយមហាវង្ស ក្នុងខេត្តតាក។
ចាប់តាំងពីថ្ងៃទី ២១-២២ ខែមិថុនា កងកម្លាំងមីយ៉ាន់ម៉ាបានប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមប្រឆាំងជនជាតិភាគតិចនៅក្នុងតំបន់នោះ បណ្តាលឱ្យគ្រាប់កាំភ្លើងធំពីការប៉ះទង្គិចគ្នាបានធ្លាក់ចូលទៅក្នុងទឹកដីថៃ ដែលជំរុញឱ្យសាលាបានម៉ែកូនកែនបិទជាបណ្ដោះអាសន្ន។
គូសបញ្ជាក់ថា ទោះបីជាធ្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំចូលទឹកដីថៃ បង្ករឱ្យមានភាពវឹកវរប៉ុណ្ណាក៏ដោយ ក៏រដ្ឋាភិបាលថៃហាក់មិនមានភាពក្លាហានឆ្លើយតបដោយសព្វាវុធវិញឡើយ ដោយគ្រាន់តែទទួចម្តងហើយម្តងទៀតឱ្យប្រុងប្រយ័ត្នតែប៉ុណ្ណោះ៕