ព័ត៌មានអន្តរជាតិ
អាម៉េរិកអនុម័តដល់សព្វាវុធតម្លៃ ៧៣លានដុល្លារ លក់ទៅឱ្យសិង្ហបុរី
(សិង្ហបុរី)៖ សហរដ្ឋអាម៉េរិកបានអនុម័តសំណើរបស់សិង្ហបុរីក្នុងការបញ្ជាទិញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចល័តខ្ពស់ M142 (HIMARS) នៅក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ ៧៣ លានដុល្លារអាម៉េរិក។
ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ប្រទេសសិង្ហបុរីបានស្នើសុំទិញឧបករណ៍ប្រព័ន្ធគ្រប់គ្រងការបាញ់ និងកំណត់ទីតាំង(CFCS) ចំនួន ១៨ សម្រាប់ប្រព័ន្ធបាញ់គ្រប់រ៉ុក្កែតចល័តខ្ពស់ M142 (HIMARS) ដោយរួមបញ្ចូលឧបករណ៍ជំនួយ ឯកសារបច្ចេកទេស គ្រឿងបន្លាស់ ការបណ្តុះបណ្តាល ការគាំទ្របច្ចេកទេសរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងអ្នកជំនាញ សេវាកម្មផ្នែកវិស្វកម្ម។
ក្រសួងការពារជាតិសិង្ហបុរី (MINDEF) បានឱ្យដឹងថា ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS គឺឧបករណ៍វាយប្រហារដែលមានមូលដ្ឋានលើដី ដែលបានបម្រើការជាមួយកងកម្លាំងប្រដាប់អាវុធសិង្ហបុរីតាំងពីឆ្នាំ ២០១០ ការធ្វើទំនើបកម្មប្រព័ន្ធរ៉ុក្កែត HIMARS នេះនៅតែជាសមាសធាតុសំខាន់នៃសមត្ថភាពប្រតិបត្តិការរបស់ខ្លួន ដើម្បីធានាថាវានៅតែមានសមត្ថភាពបំពេញតម្រូវការប្រតិបត្តិការនានា។
ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS នេះមានទំហំ ២២៧ មីលីម៉ែត្រដែលផ្ទុកគ្រាប់បាញ់សរុបម្តងបានចំនួនប្រាំមួយគ្រាប់ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយរហូតដល់ ៧០ គីឡូម៉ែត្រ។ មីស៊ីលនីមួយៗផ្ទុកក្បាលគ្រាប់ផ្ទុះខ្ពស់ទម្ងន់ ៩០ គីឡូក្រាម៕