ព័ត៌មានអន្តរជាតិ
លោក ពូទីន និងមេដឹកនាំអាស៊ាន ឯកភាពគ្នាពង្រីក «ភាពជាដៃគូយុទ្ធសាស្ត្រ»
(ក្រុងមូស្គូ)៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានសាទរចំពោះចំណងមិត្តភាពរបស់រុស្ស៊ីជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ខណៈដែលលោកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមួយដែលមានបំណងពង្រឹងចំណងមិត្តភាពសេដ្ឋកិច្ច និងនយោបាយជាមួយប្លុកដ៏មានឥទ្ធិពលនេះ។
មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុងកាហ្សាន បានយល់ព្រមពង្រីកបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងរុស្ស៊ី និងប្រទេសអាស៊ាន ដែលរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ ទីម័រខាងកើត និងវៀតណាម។
លោក ពូទីន បានលើកឡើងនៅក្នុងកិច្ចប្រជុំកំពូល ដែលជាខួបលើកទី៣៥ នៃទំនាក់ទំនងរុស្ស៊ី-អាស៊ានថា «វាគឺជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលបម្រើជាកត្តាស្ថិរភាពដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងចំណោមភាពចលាចលខាងភូមិសាស្ត្រនយោបាយ ដែលរួមចំណែកដល់ការបង្កើតស្ថាបត្យកម្មសន្តិសុខដែលមានតុល្យភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដោយសមធម៌»។
ចំពោះរបៀបវារៈនៃកិច្ចប្រជុំកំពូលនេះ រួមមានការផ្លាស់ប្តូរទស្សនៈលើបញ្ហាសកល និងតំបន់ ការពិនិត្យឡើងវិញដើម្បីអភិវឌ្ឍចំណងមិត្តភាពរុស្ស៊ី-អាស៊ាន និងពិភាក្សាអំពីវិស័យ និងភារកិច្ចសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោក ពូទីន បានកត់សម្គាល់ថា រុស្ស៊ី និងអាស៊ាន «បានពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យដូចជាការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈម និងការគំរាមកំហែងថ្មីៗផ្នែកសន្តិសុខ ក៏ដូចជាពាណិជ្ជកម្ម និងវិនិយោគ ថាមពល កសិកម្ម ឌីជីថលូបនីយកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទេសចរណ៍ និងទំនាក់ទំនងមនុស្សធម៌»។
នៅក្នុងសេចក្តីប្រកាសមួយ មេដឹកនាំទាំងអស់បានបញ្ជាក់រួមគ្នាជាថ្មីថា «ពិភពលោកពហុប៉ូលដ៏យុត្តិធម៌ ដូចដែលបានណែនាំដោយច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមក និងការគោរពចំពោះរដ្ឋទាំងអស់»៕