ព័ត៌មានអន្តរជាតិ
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ថ្កោលទោសការអំពាវនាវរបស់ G7 ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ ថាជាការរំលោភលើអធិបតេយ្យភាព
លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានថ្កោលទោសការអំពាវនាវរបស់ G7 សម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរលើកូរ៉េខាងជើង ថាជាការរំលោភលើរដ្ឋធម្មនុញ្ញ និងលើអធិបតេយ្យភាព។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ KCNAនៅថ្ងៃទី១៨ ខែមិថុនានេះ បានឱ្យដឹងថា ការរំសាយអាវុធនុយក្លេអ៊ែរ គឺជា «របៀបវារៈដែលមិនអាចបញ្ចប់បាន» ដែលមិនអាចសម្រេចបាន ហើយការកាន់កាប់អាវុធនុយក្លេអ៊ែរ គឺជាផលប្រយោជន៍ស្នូលរបស់កូរ៉េខាងជើង និងជាខ្សែបន្ទាត់ដែលមិនអាចត្រឡប់វិញបាន។
លោកស្រី គីម បន្ថែមថា «ការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺជាខ្សែបន្ទាត់ដែលមិនអាចដកថយបាន ដែលមិនអាចឆ្លងកាត់បានឡើយ» បន្ថែមពីនោះ អ្នកណាដែលព្យាយាមធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់រដ្ឋអាវុធនុយក្លេអ៊ែរ នឹងធ្វើឱ្យវាក្លាយជាជម្រើសដ៏អាក្រក់បំផុត។
ប្អូនស្រីរបស់មេដឹកនាំរូបនេះសង្កត់ធ្ងន់ថា អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាការរារាំងការពារខ្លួន ដែលជាការឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរជាបន្តបន្ទាប់ពីសត្រូវរបស់ខ្លួន ហើយពួកវាថាជា «គ្រឹះ» សម្រាប់ធានាសន្តិភាព។
ដោយឡែក ការអំពាវនាវឱ្យមានការលុបបំបាត់អាវុធនុយក្លេអ៊ែរ គឺ «ហួសសម័យទាំងស្រុង» ហើយនឹងមិនផ្លាស់ប្តូរទេ មិនថាក្រុមណាមួយរិះគន់ខ្លាំងប៉ុណ្ណាចំពោះកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។
គូសបញ្ជាក់ថា ពីកិច្ចប្រជុំកំពូលមេដឹកនាំ G7 បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ហើយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់ប្រទេសនេះ ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងនោះក៏បានជំរុញឱ្យកូរ៉េខាងជើងដោះស្រាយបញ្ហាពលរដ្ឋជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយទីក្រុងព្យុងយ៉ាង និងបានអំពាវនាវឱ្យប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយបញ្ហាចោរកម្មរូបិយប័ណ្ណឌីជីថល និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់កូរ៉េខាងជើង៕