ព័ត៌មានអន្តរជាតិ
រុស្ស៊ី ព្រមានពលរដ្ឋខ្លួនកុំឱ្យជាន់ទឹកដីថៃ ព្រោះបញ្ហាអសន្តិសុខខ្ពស់
ទីក្រុងមូស្គូ បានចេញសេចក្តីព្រមានដល់ពលរដ្ឋរុស្ស៊ីទាំងអស់ឱ្យជៀសវាងការធ្វើដំណើរទៅកាន់ទឹកដីប្រទេសថៃ ដោយសារមានហានិភ័យខ្ពស់អសន្តិសុខ ក្នុងការតាមចាប់ខ្លួនតាមសំណើរបស់សហរដ្ឋអាម៉េរិក។
យោងតាមសារព័ត៌មាន Khaosod ចុះផ្សាយថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ថាក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ទៅលើពលរដ្ឋណាដែលមានការសង្ស័យថា ខ្លួនអាចនឹងត្រូវអាម៉េរិកតាមដាន ឬចោទប្រកាន់ពីបទល្មើសផ្សេងៗ គឺមិនគួរឈានជើងចូលទឹកដីថៃ សូម្បីតែការហោះហើរឆ្លងកាត់ ដើម្បីប្តូរជើងហោះហើរក៏ដោយ។
ជាមួយគ្នានេះ រុស្ស៊ីក៏បានចោទប្រកាន់ចារកម្មអាម៉េរិកថា បានលួចបើកប្រតិបត្តិការសម្ងាត់ដើម្បីប្រមាញ់ចាប់ខ្លួនជនជាតិរុស្ស៊ីនៅក្នុងប្រទេសថៃ ដោយមិនបានឆ្លងកាត់អាជ្ញាធរថៃឡើយ។
ការព្រមាននេះ បានធ្វើឡើងបន្ទាប់ពីមានករណីចាប់ខ្លួនបុរសជនជាតិរុស្ស៊ីម្នាក់ឈ្មោះ Denis Obrezko ដែលចោទប្រកាន់ថាជាហេគឃ័រ (Hacker) កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅកាត់ទោសនៅអាម៉េរិក ក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាបត្យាប័នរវាងថៃ និងអាម៉េរិក។ រុស្ស៊ីបានអះអាងថា វាជាផ្នែកមួយនៃយុទ្ធនាការដាក់ទណ្ឌកម្មយ៉ាងចាស់ដៃរបស់អាម៉េរិកមកលើពលរដ្ឋរបស់ខ្លួន ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងជាង ៤ឆ្នាំមុន។
ភ្លាមៗនោះ ក្រសួងការបរទេសថៃ បានចេញមុខច្រានចោលការព្រមាននេះ ដោយអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Panidol Patchisawat បានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងថៃ និងរុស្ស៊ី នៅតែរឹងមាំលើគ្រប់វិស័យ ហើយប្រទេសទាំងពីរត្រៀមនឹងប្រារព្ធខួប ១៣០ឆ្នាំនៃទំនាក់ទំនងការទូតនៅឆ្នាំក្រោយនេះទៀតផង។ លោកបានបន្ថែមថា កាលពីឆ្នាំកន្លងទៅ ថៃបានទទួលស្វាគមន៍ភ្ញៀវទេសចររុស្ស៊ីរហូតដល់ទៅជិត ១,៩លាននាក់ ដែលជាចំនួនច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសនៅអឺរ៉ុប។ លោកបានបញ្ជាក់ថា ថៃគឺជាប្រទេសដែលមានសុវត្ថិភាព និងស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដោយគ្មានការរើសអើងឡើយ ប៉ុន្តែទន្ទឹមនោះភ្ញៀវទាំងអស់ក៏ត្រូវតែគោរពច្បាប់របស់ប្រទេសថៃដូចគ្នាដែរ៕
ដោយ៖ ចិន្តា ទីទិ