ព័ត៌មានអន្តរជាតិ
មីយ៉ាន់ម៉ាចាប់ខ្លួនជនជាតិអាម៉េរិកម្នាក់ដែលសរសេរសៀវភៅអំពីរដ្ឋប្រហារយោធា
អ្នកជំនួញជនជាតិអាម៉េរិកម្នាក់ដែលបានសរសេរសៀវភៅអំពីការរស់នៅឆ្លងកាត់រដ្ឋប្រហារយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានចាប់ខ្លួននៅពេលលោកវិលត្រឡប់មកប្រទេសអាស៊ីអាគ្នេយ៍វិញ នេះបើយោងតាមការផ្សាយចេញរបស់អង្គភាពរ៉យទ័រនៅថ្ងៃទី១២ ខែមិថុនានេះ។
លោក Adam Castillo អតីតប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសមីយ៉ាន់ម៉ា ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោន ជាកន្លែងដែលលោកគ្រប់គ្រងក្រុមហ៊ុនសន្តិសុខ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានមួយ បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានលើកឡើងថា ខ្លួនបានដឹងអំពីរបាយការណ៍អំពីការឃុំខ្លួនជនជាតិអាម៉េរិកម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមិនមានការធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ ដោយសារតែក្តីបារម្ភអំពីភាពឯកជន។
យោងតាមការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Castillo បានទៅក្រៅប្រទេសដើម្បីផ្សព្វផ្សាយសៀវភៅរបស់លោក ដែលមានចំណងជើងថា Finding Our Voice អំពីការស្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពចលាចល។
ការដណ្តើមអំណាចរបស់យោធាបានបញ្ចប់ការគ្រប់គ្រងបែបប្រជាធិបតេយ្យក្រោមការដឹកនាំរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលជាអ្នកឈ្នះរង្វាន់ណូបែល ហើយបានបង្កឱ្យមានសង្គ្រាមស៊ីវិលរវាងកងទ័ព និងសម្ព័ន្ធភាពនៃកងកម្លាំងតស៊ូប្រដាប់អាវុធគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលមានសម្ព័ន្ធភាពជាមួយក្រុមជនជាតិភាគតិចដែលមានអាយុកាលយូរមកហើយ។
កាលពីដើមខែមេសា អតីតមេដឹកនាំយោធា លោក មីន អ៊ុងលាំង បានស្បថចូលកាន់តំណែងជាប្រធានាធិបតី បន្ទាប់ពីការបោះឆ្នោតដែលត្រូវបានរិះគន់យ៉ាងខ្លាំងក្លា ដែលរៀបចំឡើងដោយយោធា ដោយមិនរាប់បញ្ចូលក្រុមប្រឆាំងសំខាន់ៗឡើយ រួមទាំងគណបក្សនយោបាយរបស់លោកស្រី ស៊ូជី។
គូសបញ្ជាក់ថា សៀវភៅរបស់លោកបានកត់ត្រាការបង្ក្រាបដោយបង្ហូរឈាមរបស់យោធាលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែក៏រិះគន់គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន រួមទាំងទណ្ឌកម្មផងដែរ ថាគ្មានប្រសិទ្ធភាព៕
ដោយ៖ ចិន្តា ទីទិ