អន្តរជាតិ

បុត្រី​ច្បង​របស់ស្តេច​ថៃ​សោយទិវង្គត​ក្នុង​ព្រះជន្ម ៤៧ព្រះវស្សា ដោយ​ជំងឺ​រ៉ាំរ៉ៃធ្ងន់ធ្ងរ

Published

on

19 Views

(ក្រុងបាងកក)៖ ព្រះនាងបាជរ៉ាគីទីយ៉ាបា ណារិនឌីរ៉ា ទេពយ៉ាវ៉ាទី ជាបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន បានសោយទិវង្គតក្នុងព្រះជន្ម ៤៧ព្រះវស្សា នេះបើយោងតាមការប្រកាសរបស់ព្រះរាជវាំងនៅថ្ងៃទី១២ ខែមិថុនានេះ បន្ទាប់ពីមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងសន្លប់អស់រយៈពេលជិតបួនឆ្នាំ។

ព្រះនាង​​ ទេពយ៉ាវ៉ាទី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីបាត់បង់ស្មារតីភ្លាមៗដែលបណ្តាលមកពីជំងឺបេះដូង ខណៈពេលកំពុងយាងទៅទស្សនាខេត្តនគររាជសីមា ភាគឦសាន។ ព្រះនាង ត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីបាងកក ដើម្បីសង្គ្រោះបន្ទាន់។

យោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងថៃបានឱ្យដឹងថា ព្រះនាងបានសោយទិវង្គតនៅល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្ថានភាពរបស់ព្រះនាងកាន់តែអាក្រក់ទៅៗ ដោយសារតែការឆ្លងមេរោគក្នុងពោះ រលាកពោះវៀនធំ សម្ពាធឈាមទាប ជំងឺចង្វាក់បេះដូងខុសប្រក្រតី និងបញ្ហាកំណកឈាម។

ព្រះនាង ទេពយ៉ាវ៉ាទី ដែលត្រូវបានគេស្គាល់ជាទូទៅថា ព្រះនាងប៉ា ប្រសូតនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ១៩៧៨ បុត្រីច្បងរបស់ព្រះអង្គម្ចាស់ វ៉ាជីរ៉ាឡុងកន និងភរិយាដំបូងរបស់ព្រះអង្គ គឺព្រះនាងសោមសាវ៉ាលី។

នៅក្នុងប្រទេសថៃ ព្រះនាងនឹងត្រូវបានគេចងចាំចំពោះតួនាទីដ៏លេចធ្លោរបស់ព្រះនាងក្នុងជីវិតសាធារណៈ ក្នុងការកែលម្អជីវភាពរស់នៅរបស់អ្នកទោសស្រី និងអាជីពការទូតរបស់ព្រះនាង។

ព្រះនាងបានសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យខនណែល ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត ហើយបានធ្វើការជាមេធាវីនៅក្នុងការិយាល័យអគ្គព្រះរាជអាជ្ញាថៃរវាងឆ្នាំ២០០៦ និង២០១១។

ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ព្រះនាងធ្លាប់ជាឯកអគ្គរដ្ឋទូតថៃប្រចាំប្រទេសអូទ្រីស ស្លូវេនី និងស្លូវ៉ាគី មុនពេលវិលត្រឡប់ទៅកាន់ការិយាល័យរដ្ឋអាជ្ញានៅទីក្រុងបាងកកវិញ។

ព្រះនាងគឺជាបុត្រីមួយអង្គក្នុងចំណោមបុត្រីបីអង្គរបស់ព្រះបាទ វ៉ាជីរ៉ាឡុងកន ដែលមានងារជាផ្លូវការ និងមានសិទ្ធិឡើងគ្រងរាជ្យក្រោមរដ្ឋធម្មនុញ្ញ។

គូសបញ្ជាក់ថា កាលពីខែតុលា ឆ្នាំមុន ព្រះមហាក្សត្រីយានីព្រះមាតានៃប្រទេសថៃបានសោយទិវង្គតក្នុងព្រះជន្ម ៩៣ព្រះវស្សា។ បច្ចុប្បន្ននេះ ព្រះបរមរាជវាំងថៃនឹងរៀបចំពិធីបុណ្យសព ខណៈដែលរដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងប្រកាសពីរយៈពេលនៃការកាន់ទុក្ខជាតិក្នុងរយៈពេលខ្លីខាងមុខ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

17 − nine =

ពេញនិយម

Exit mobile version