អន្តរជាតិ

ជាង១០ឆ្នាំ! ថៃចែកចាយចំណីអាហារខុសច្បាប់ពេញស្រុកថៃ

Published

on

44 Views

ចំណីអាហារគ្មានអនាម័យ និងគ្មានគុណភាព នៅតែជាបញ្ហាប្រឈមដ៏ធំមួយ​​ក្នុង​ប្រទេស​ថៃ បន្ទាប់ពីអាជ្ញាធរ និងមន្ត្រីនៃគណៈកម្មាធិការអាហារ និងឱសថ (FDA) នៅ​ថ្ងៃទី​៩ ខែ​មិថុនានេះ បានបើកប្រតិបត្តិការបង្ក្រាបសង្វាក់ផលិតកម្មចំណីអាហារខុសច្បាប់ដ៏ធំមួយកន្លែង នៅក្នុងស្រុក Lam Luk Ka ខេត្ត Pathum Thani។

ការ​ឆ្មក់ឆែកឆេរបានលាតត្រដាងពីការលួចលាក់ផលិតសាច់ប៉ាតេជ្រូក សាច់ប៉ាតេមាន់ និងប្រហិតគ្រប់ប្រភេទ នៅក្នុងទីតាំងដែលគ្មានអនាម័យ គ្មានស្តង់ដារបច្ចេកទេស និងគ្មានការអនុញ្ញាតស្របច្បាប់ពីខាងក្រសួងសុខាភិបាលថៃឡើយ។

ក្នុងនោះមន្ត្រីជំនាញបានរកឃើញទំនិញក្លែងបន្លំ ដែលត្រៀមនឹងចែកចាយទៅលើទីផ្សារសរុបជាង ១០ ០០០កញ្ចប់ ដែលគ្របដណ្តប់លើស្លាកសញ្ញា និងយីហោខុសៗគ្នារហូតដល់ទៅជាង ២០មុខ។ អ្វីដែលគួរឱ្យបារម្ភគឺ ទំនិញទាំងអស់នោះត្រូវបានរកឃើញថា មានការប្រើប្រាស់លេខបញ្ជិកា FDA ក្លែងក្លាយ ខ្លះប្រើប្រាស់លេខបញ្ជិកា ដែលត្រូវបានលុបចោល និងខ្លះទៀតគ្មានការចុះបញ្ជីទាល់តែសោះ ដើម្បីបន្លំភ្នែកអ្នកប្រើប្រាស់ថាជាទំនិញមានស្តង់ដារ។

វត្ថុតាងសម្រាប់ផលិតនោះ រួមមានគ្រឿងម៉ាស៊ីន និងវត្ថុធាតុដើមសាច់ដែលគ្មានប្រភព ច្បាស់លាស់ សរុបជាទឹកប្រាក់ជាង ៧លានបាត ត្រូវបានដកហូតជាបណ្តោះអាសន្ន។ តាមការពិនិត្យបន្ថែម បានបង្ហាញថា រោងចក្រនេះធ្លាប់មានអាជ្ញាបណ្ណផលិតចំណីអាហារពិតប្រាកដមែន ប៉ុន្តែវាបានហួសសុពលភាពតាំង​ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មកម៉្លេះ ប៉ុន្តែនៅតែបន្តដំណើរការ ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សុខភាពសាធារណៈ។

តាមការសាកសួរ ម្ចាស់អាជីវកម្ម បានសារភាពថា រោងចក្រនេះបានដំណើរការលួចលាក់ផលិតអាហារគ្មានស្តង់ដារបែបនេះ អស់រយៈពេលជិត ១០ឆ្នាំមកហើយ។ ក្នុងមួយខែៗ ពួកគេបានកែច្នៃសាច់មិនច្បាស់លាស់ទាំងនោះ ចេញជាផលិតផលប្រហិត និងសាច់ប៉ាតេប្រមាណ ៣០តោន ដើម្បីបន្តចែកចាយទៅកាន់តំណាងចែកចាយនៅទូទាំងប្រទេសថៃ ដោយរកចំណូលបានប្រហែល ៣លានបាតក្នុងមួយខែ។ បច្ចុប្បន្ន មន្ត្រីជំនាញកំពុងបញ្ជូនគំរូអាហារទាំងនោះទៅពិសោធន៍ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ សារធាតុរក្សាទុកបានយូរហួសកម្រិត និងមេរោគបង្កជំងឺ ដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់អ្នកបរិភោគ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

two × 5 =

ពេញនិយម

Exit mobile version