អន្តរជាតិ
អាម៉េរិក ដាក់ទណ្ឌកម្មលើប្រធានាធិបតីគុយបា និងបក្សពួកមួយចំនួនធំ
(ក្រុងវ៉ាស៊ីនតោន)៖ សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រធានាធិបតីគុយបា លោក Miguel Diaz-Canel មន្ត្រីបក្សពួក និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នេះបើយោងតាមគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាម៉េរិក នៅថ្ងៃទី៥ ខែមិថុនានេះ។
ទណ្ឌកម្មទាំងនេះក៏បានកំណត់គោលដៅលើមនុស្សបួននាក់ផ្សេងទៀត និងអង្គភាពចំនួនប្រាំផងដែរ រួមទាំងភរិយារបស់លោក Diaz-Canel គឺលោកស្រី Lis Cuesta Peraza សមាជិកគ្រួសារពីរនាក់ និងក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍។
លោក Diaz-Canel អាយុ ៦៦ឆ្នាំ បានធ្វើជាប្រធានាធិបតីនៃប្រទេសគុយបាចាប់តាំងពីឡើងកាន់តំណែងជំនួសលោក Raul Castro ដែលជាប្អូនប្រុសរបស់អតីតមេដឹកនាំគុយបាលោក Fidel Castro ក្នុងឆ្នាំ ២០១៨។
ទណ្ឌកម្មទាំងនេះត្រូវបានប្រកាសនៅពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យប្រទេសគុយបា «ក្លាយជាប្រទេសដែលគ្រប់គ្រងបានល្អ»។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសគុយបា លោក ប្រ៊ុយណូ រ៉ូឌ្រីហ្គេស បានហៅទណ្ឌកម្មទាំងនេះថា «គួរឱ្យស្អប់ខ្ពើម» ដោយលើកឡើងថាជាការជ្រៀតជ្រែករបស់សហរដ្ឋអាម៉េរិកលើអធិបតេយ្យភាពរបស់ប្រទេសជិតខាង។
លោកបន្តថា រាល់សកម្មភាពរបស់អាម៉េរិកដែលមានគោលបំណងបង្កើតសេណារីយ៉ូនៃជម្លោះរវាងប្រទេសទាំងពីរនឹងត្រូវបរាជ័យ។
កាលពីខែមុន រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានដាក់ទណ្ឌកម្មលើមន្ត្រីគុយបាចំនួន ១១ រូប រួមទាំងរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង មេដឹកនាំយោធាមួយចំនួន និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សំខាន់របស់ខ្លួនផងដែរ។
យ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកក៏បានចោទប្រកាន់លោក Raul Castro ពីបទឃាតកម្ម ដែលជាប់ពាក់ព័ន្ធនៅក្នុងឧប្បត្តិហេតុមួយក្នុងឆ្នាំ១៩៩៦ ដែលយន្តហោះគុយបាបានបាញ់ទម្លាក់យន្តហោះដែលដំណើរការដោយក្រុមជននិរទេសខ្លួនគុយបា៕
ដោយ៖ ចិន្តា ទីទិ