អន្តរជាតិ

ដ្រូនអត្តឃាត FP-1 របស់​អ៊ុយក្រែន ជាអាវុធដ៏អាក្រក់សម្រាប់រុស្ស៊ី!

Published

on

28 Views

បច្ចេកវិទ្យាយោធា ជាតួអង្គដ៏យ៉ាងសំខាន់ក្នុងសង្គ្រាម ហើយអ្វីដែលសំខាន់ជាងនេះ គឺបច្ចេកវិទ្យាដ្រូន ដែលបង្កើតឡើងដើម្បីវាយប្រហារសត្រូវក្នុងរយៈចម្ងាយឆ្ងាយប្រភេទ FP-1 Firepoint ដែលបង្កើតឡើងដោយអ៊ុយក្រែន សមត្ថភាពដ៏គួរឱ្យភ័យខ្លាចរបស់វាកំពុងក្លាយជាសុបិន្តដ៏អាក្រក់សម្រាប់រុស្ស៊ី។

FP-1 គឺជាប្រភេទដ្រូនអត្តឃាត ឬដ្រូនវាយប្រហារទិសដៅតែមួយ (One-way attack drone) ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដោយក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិអ៊ុយក្រែន Fire Point ដើម្បីវាយប្រហារចំគោលដៅយុទ្ធសាស្ត្រសំខាន់ៗចូលជ្រៅក្នុងទឹកដីសត្រូវ។​ ដ្រូនមួយគ្រឿងមានតម្លៃប្រហែល ៥៥ ០០០ដុល្លារអាម៉េរិកប៉ុណ្ណោះ ហើយក្នុង១ថ្ងៃអាចផលិតបានរហូតដល់ទៅជាង ១០០គ្រឿង។

លក្ខណៈពិសេស

ចំណុចពិសេសរបស់វាគឺអាចហោះហើរបានរយៈចម្ងាយឆ្ងាយរហូតដល់ទៅ ១៦០០គីឡូម៉ែត្រ វាអាចហោះរំលងព្រំដែនទៅបំផ្លាញទីតាំងស្តុកគ្រាប់រំសេវ រោងចក្រចម្រាញ់ប្រេង ឬមូលដ្ឋានទ័ពអាកាសរបស់សត្រូវយ៉ាងងាយស្រួល។ បន្ថែមពីនោះ វាអាចផ្ទុកក្បាលគ្រាប់បំផ្ទុះ ដែលមានទម្ងន់ចាប់ពី ៦០គីឡូក្រាម រហូតដល់ ១២០គីឡូក្រាម ដូចជា ប្រភេទគ្រាប់បំបែកបំណែក (Fragmentation) សម្រាប់កម្ទេចកម្លាំងទ័ព ឬគ្រាប់ទម្លុះ (Shaped-charge) សម្រាប់បំផ្លាញរចនាសម្ព័ន្ធរឹងមាំ និងរថក្រោះជាដើម។

បច្ចេកវិទ្យាការពារខ្លួន និងភាពដ៏ឆ្លាតវៃ

ដ្រូននេះ ប្រើប្រាស់សម្ភារៈស្រូបរលកធាតុអាកាស (Radar-absorbent) ដែលធ្វើឱ្យប្រព័ន្ធរ៉ាដារបស់សត្រូវពិបាក ក្នុងការចាប់សញ្ញា ឬស្វែងរកវាឃើញនៅលើមេឃ។ ប្រព័ន្ធរុករករបស់វា ប្រើប្រាស់ប្រព័ន្ធរុករកនិចលភាព (Inertial Navigation) ជំនួយដោយប្រព័ន្ធផ្កាយរណប រួមផ្សំជាមួយបច្ចេកវិទ្យាប្រឆាំងនឹងការស្ទាក់ចាប់រលកសញ្ញា (Anti-jamming) ដែលធ្វើឱ្យវានៅតែអាចហោះទៅរកគោលដៅបាន ទោះបីជាសត្រូវព្យាយាមប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ដើម្បីបង្អាក់សញ្ញាយ៉ាងណាក៏ដោយ។

អាវុធប្រមាញ់លើអាកាស

មិនត្រឹមតែជាដ្រូនអត្តឃាតបុកកម្ទេចគោលដៅលើដីនោះទេ នាយកប្រតិបត្តិក្រុមហ៊ុន Fire Point លោកស្រី Iryna Terekh បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនបានអភិវឌ្ឍបន្ថែមទៅលើដ្រូនអំបូរ FP-1 នេះ ដោយកែច្នៃវាឱ្យទៅជា «ដ្រូនមេ» ដែលអាចផ្ទុកដ្រូន FPV តូចៗសម្រាប់ទៅស្ទាក់ចាប់ និងវាយប្រហារដ្រូនរបស់សត្រូវនៅលើអាកាសវិញ ឬថែមទាំងអាចបំពាក់កាំភ្លើងម៉ាស៊ីន និងប្រព័ន្ធមីស៊ីលការពារអាកាសចល័ត (MANPADS) ទៀតផង។

សរុបមក ដ្រូនអត្តឃាត FP-1 Firepoint មិនត្រឹមតែមានឥទ្ធិពលខ្លាំង ដោយសារចម្ងាយហោះហើរ និងផ្ទុកក្បាលគ្រាប់ធ្ងន់នោះទេ ប៉ុន្តែវាក៏ជាអាវុធដែលមានតម្លៃសមរម្យ និងផលិតបានលឿន ហើយក៏មានសមត្ថភាពបំផ្លាញរចនាសម្ព័ន្ធយោធាលំដាប់ខ្ពស់របស់សត្រូវពីចម្ងាយរាប់ពាន់គីឡូម៉ែត្របានដែរ៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

1 × 3 =

ពេញនិយម

Exit mobile version