អន្តរជាតិ
តើអ៊ីស្រាអែល បានលុយមកពីណាធ្វើសង្គ្រាមរ៉ាំរៃនៅមជ្ឈិមបូព៌ា?
(តំបន់មជ្ឈិមបូព៌ា)៖ តំបន់មជ្ឈិមបូព៌ា បានស្ថិតក្នុងភ្នក់សង្រ្គាមអស់ជាច្រើនខែកន្លងមកនេះ បានក្លាយជាបន្ទុកផ្នែកហិរញ្ញវត្ថុដ៏ធំធេងមួយសម្រាប់អ៊ីស្រាអែល ដោយខ្លួនបានចំណាយអស់ជាង ១១២ពាន់លានដុល្លាររួចទៅហើយ ទាំងលើការទិញអាវុធ ការចល័តទ័ពបម្រុង និងការស្តារសេដ្ឋកិច្ចឡើងវិញ គិតចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដល់ពាក់កណ្ដាលឆ្នាំ២០២៦ នេះ។ សំណួរដ៏ធំ ដែលមនុស្សជាច្រើនចង់ដឹងនោះគឺ តើរដ្ឋាភិបាលអ៊ីស្រាអែលបានលុយពីណា ដើម្បីផ្គត់ផ្គង់ធ្វើសង្រ្គាមដ៏យូរអង្វែងបែបនេះ?
ដោយយោងតាមការចុះផ្សាយរបស់ព័ត៌មានសេដ្ឋកិច្ចល្បីៗ ដូចជា ទីភ្នាក់ងារសារព័ត៌មាន Bloomberg និងទស្សនាវដ្តី The Economist បានឱ្យដឹងថាប្រភពចំណូល និងកញ្ចប់ថវិកា ដែលអ៊ីស្រាអែលយកមកប្រើប្រាស់ក្នុងសង្រ្គាម មានប្រភពសំខាន់ៗចំនួន ៤៖
១. កម្ចីបរទេស និងការបោះផ្សាយលក់ប័ណ្ណបំណុល
អ៊ីស្រាអែលបានបោះផ្សាយលក់ «ប័ណ្ណបំណុលសង្រ្គាម (War Bonds)» រាប់ពាន់លានដុល្លារទៅឱ្យវិនិយោគិនបរទេស ជាពិសេសសហគមន៍ជនជាតិជ្វីហ្វនៅជុំវិញពិភពលោក និងស្ថាប័នហិរញ្ញវត្ថុធំៗនៅសហរដ្ឋអាម៉េរិក។ ការធ្វើបែបនេះ អនុញ្ញាតឱ្យពួកគេប្រមូលសាច់ប្រាក់បានភ្លាមៗ ដើម្បីយកទៅទិញគ្រាប់រំសេវ និងសព្វាវុធយោធា។
២. ជំនួយយោធាយ៉ាងសន្ធឹកសន្ធាប់ពីសហរដ្ឋអាម៉េរិក
យោងតាមទីភ្នាក់ងារស្រាវជ្រាវសភាអាម៉េរិក (Congressional Research Service) ជារៀងរាល់ឆ្នាំ អ៊ីស្រាអែលទទួលបានជំនួយយោធាថេរប្រមាណ ៣,៨ពាន់លានដុល្លារពីទីក្រុងវ៉ាស៊ីនតោន។ លើសពីនេះទៅទៀត ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កញ្ចប់ថវិកាជំនួយបន្ទាន់រាប់ពាន់លានដុល្លារបន្ថែមទៀត ត្រូវបានអនុម័តដោយសភាអាម៉េរិក ដើម្បីជួយបំពេញបន្ថែមនូវប្រព័ន្ធការពារទប់ទល់នឹងគ្រាប់រ៉ុកកែត Iron Dome និងការផ្គត់ផ្គង់អាវុធទំនើបៗ។
៣. ការកែសម្រួលថវិកាជាតិ និងការយកពន្ធផ្ទៃក្នុង
ទោះបីជាវិស័យទេសចរណ៍ និងវិស័យបច្ចេកវិទ្យា ជួបការរអាក់រអួលដោយសារសង្រ្គាមក៏ដោយ ក៏រដ្ឋាភិបាលអ៊ីស្រាអែល បានចាត់វិធានការដំឡើងពន្ធលើតម្លៃបន្ថែម (VAT) និងកាត់បន្ថយថវិកាមិនចាំបាច់របស់ក្រសួងស៊ីវិលផ្សេងៗ ដើម្បីបង្វែរថវិកាទាំងនោះទៅឱ្យវិស័យការពារជាតិវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែតហិរញ្ញវត្ថុអ៊ីស្រាអែល Globes។
៤. មូលនិធិបម្រុងបរទេសរបស់ធនាគារកណ្តាល
មុនពេលសង្រ្គាមចាប់ផ្តើម អ៊ីស្រាអែលមានប្រាក់បម្រុងបរទេស (Foreign Exchange Reserves) យ៉ាងច្រើនសន្ធឹកសន្ធាប់ គឺមានតម្លៃរហូតដល់ទៅជិត ២០០ពាន់លានដុល្លារ។ ធនាគារកណ្តាលនៃប្រទេសអ៊ីស្រាអែល បានប្រើប្រាស់ប្រាក់បម្រុងមួយផ្នែកធំនេះ ដើម្បីជួយទប់លំនឹងតម្លៃលុយ Shekel របស់ខ្លួន និងធានាថា រដ្ឋាភិបាលមានសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ ក្នុងការចំណាយលើកិច្ចការបន្ទាន់ៗ ដោយមិនឱ្យសេដ្ឋកិច្ចជាតិដួលរលំ។
ទោះបីជាសង្រ្គាមនៅមជ្ឈិមបូព៌ា បានបង្កឱ្យមានឱនភាពថវិកាជាតិដល់កម្រិតខ្ពស់ក៏ដោយ ក៏សម្ព័ន្ធភាពនយោបាយដ៏រឹងមាំជាមួយលោកខាងលិច និងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុផ្ទៃក្នុង បានជួយឱ្យអ៊ីស្រាអែលនៅតែមានហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ធ្វើសង្រ្គាមជាមួយសត្រូវ៕