អន្តរជាតិ
ខេត្តចំនួន ៤០របស់ថៃ ប្រកាសត្រៀមខ្លួនទប់ទល់ខ្យល់ព្យុះ និងទឹកជំនន់
(ក្រុងបាងកក)៖ ខេត្តរហូតដល់ទៅ ៤០ក្នុងប្រទេសថៃ បានប្រកាសឱ្យត្រូវត្រៀមខ្លួនទប់ទល់ជាមួយខ្យល់ព្យុះ និងភ្លៀងធ្លាក់ខ្លាំង ដែលនឹងបង្កឲ្យមានគ្រោះទឹកជំនន់ និងបំណាក់ដី នៅពាក់កណ្តាល សប្តាហ៍នេះ។
យោងតាមនាយកដ្ឋានឧតុនិយមថៃ បានព្រមាននៅថ្ងៃទី៣ ខែមិថុនានេះថា ខេត្តទាំងនេះ ត្រូវត្រៀមខ្លួន ជាពិសេសបណ្តាខេត្តភាគខាងត្បូង និងខាងកើត ដែលត្រូវព្យាករថា នឹងរងគ្រោះខ្លាំងជាងគេ។
ខេត្តទាំងនេះ នឹងត្រូវវាយប្រហារខ្លាំងដោយព្យុះភ្លៀង បង្កឲ្យមានជំនន់ ខ្យល់កន្ត្រាក់ និងបំណាក់ដី ពិសេសតំបន់នៅតាមជួរភ្នំ។
នាយកដ្ឋានថៃអះអាងថា ខេត្តនៅភាគខាងត្បូង ដែលនឹងរងគ្រោះធ្ងន់មានដូចជា Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung និង Songkhla ចំណែកខាងកើតមាន Nakhon Nayok, Prachin Buri, Chon Buri, Rayong, Chanthaburi និង Trat។ សូម្បីទីក្រុងបាងកក ក៏រងឥទ្ធិពលផងដែរ ហើយត្រូវបានគេព្យាករថា នឹងកើតមានបាតុភូត ផ្គររន្ទះ៕
ដោយ៖ ចិន្តា ទីទិ