អន្តរជាតិ
ម៉ាឡេស៊ី ផ្អាកនាំចូលបង្គា ធ្វើឱ្យក្រុមអ្នកចិញ្ចឹមបង្គាថៃជ្រួលច្របល់
(ប្រទេសថៃ)៖ ក្រុមអ្នកចិញ្ចឹមបង្គាថៃ នៅថ្ងៃ៣១ ឧសភានេះ បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ចេញមុខអន្តរាគមន៍ជាបន្ទាន់ បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានប្រកាសផ្អាកការនាំចូលបង្គាចំនួន ៥ ប្រភេទពីប្រទេសថៃ ជាបណ្តោះអាសន្ន។ ក្រុមអាជីវករ បានព្រមានថា វិធានការភ្លាមៗដោយគ្មានការជូនដំណឹងមុន អាចនឹងធ្វើឱ្យតម្លៃបង្គានៅតាមកសិដ្ឋានធ្លាក់ចុះខ្លាំង។
ជាមួយគ្នានេះលោក Ekkapoj Yodpinit ប្រធានសមាគមបង្គាថៃ និងលោក Aphichit Warakit អគ្គលេខាធិការនៃសម្ព័ន្ធអ្នកចិញ្ចឹមបង្គាថៃ បានដាក់លិខិតរួមគ្នាមួយ ជូនចំពោះនាយករដ្ឋមន្ត្រី លោក អនុទីន ចាន់វីរៈគុល ក្នុងខេត្តក្រាប៊ី កាលពីថ្ងៃទី៣១ ខែឧសភា ដើម្បីស្វែងរកការគាំទ្រ និងសង្គ្រោះបន្ទាន់ដល់ក្រុមអ្នកចិញ្ចឹមបង្គា ក៏ដូចជាប្រជានេសាទនៅតាមតំបន់ឆ្នេរ។
ការទាមទារនេះ បានធ្វើឡើងបន្ទាប់ពីភាគីម៉ាឡេស៊ី បានរឹតបន្តឹងការគ្រប់គ្រងលើការនាំចូលផលិតផលវារីវប្បកម្មពីប្រទេសថៃ ដោយផ្អាកការនាំចូលបង្គាទាំង ៥ប្រភេទខាងលើ ចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ។
វិធានការតឹងរ៉ឹងថ្មីរបស់ម៉ាឡេស៊ីនេះ មិនត្រឹមតែជះឥទ្ធិពលដល់ការនាំចេញបង្គាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការនាំចេញត្រីស្ពង់ បញ្ហានេះកំពុងបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាទំនិញសល់ជន់ជោរ និង កកស្ទះនៅក្នុងទីផ្សារក្នុងស្រុក៕