អន្តរជាតិ
ការផ្ទុះដ៏សាហាវនៅមីយ៉ាន់ម៉ា បាត់បង់ជីវិតមនុស្ស ៥៥នាក់ និងជាង ៧០នាក់ទៀតត្រូវរបួសធ្ងន់ស្រាល
ការផ្ទុះដ៏សាហាវមួយនៅតំបន់ក្រុមផ្តាច់ខ្លួននៃប្រទេសមីយ៉ាន់ម៉ា បានផ្តាច់ជីវិតមនុស្សចំនួន ៥៥នាក់ ក្នុងនោះមានប្រុស ៣០នាក់ និងស្រ្តី ២៥នាក់ ខណៈមនុស្សជាង ៧០នាក់ទៀត រងរបួសធ្ងន់ស្រាល ក្នុងភូមិ Kaung Tat នៃរដ្ឋ Shan ជាប់ព្រំដែនចិន ថ្ងៃទី៣១ ខែឧសភានេះ។
បើតាមការអះអាងពីកងទ័ពរំដោះជាតិដាអាង (TNLA) ការផ្ទុះគឺបណ្តាលមកពីសារធាតុផ្ទុះ ដែលគេប្រើក្នុងវិស័យរ៉ែ និងការដ្ឋានវាយថ្ម ដោយមិនមានការវាយប្រហារណាមួយពីរបបយោធាឡើយ។
សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ពួកគេបានឮស្នូរផ្ទុះដ៏ខ្លាំង និងមើលឃើញផ្សែងហុយខ្មួលខ្មាញ់។ ផ្ទះជាច្រើនខ្នង ត្រូវខ្ទេច ហើយមនុស្សម្នានាំគ្នាយំយ៉ាងទ្រហឹង។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីរបបយោធាដណ្តើមបានអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
បន្ទាប់ពីបាតុកម្មដោយសន្តិវិធី ត្រូវបានបង្ក្រាបដោយប្រើកម្លាំងបាញ់សម្លាប់ ក្រុមអ្នកប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាជាច្រើនក្រុម បានចាប់អាវុធឡើងប្រយុទ្ធ ហើយតំបន់ភាគច្រើននៃប្រទេសនេះត្រូវធ្លាក់ចូលទៅក្នុងជម្លោះដ៏រាំរៃអស់រយៈពេលជិត៥ឆ្នាំ៕