អន្តរជាតិ
ពលរដ្ឋអាម៉េរិកជាង៥ម៉ឺននាក់ ត្រូវបានជម្លៀសភ្លាមៗ ក្រោយស៊ីទែនសារធាតុគីមីលេចធ្លាយ
(អាម៉េរិក)៖ ស៊ីទែនផ្ទុកសារធាតុគីមីមួយកន្លែង នៅក្រុមហ៊ុន GKN Aerospace ក្នុងទីក្រុង Garden Grove ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានលេចធ្លាយ និងឡើងកម្ដៅខ្លាំង បង្កឱ្យមានការភ័យខ្លាច បង្ខំឱ្យជម្លៀសពលរដ្ឋជាបន្ទាន់ជាង ៥០,០០០ នាក់ចេញពីផ្ទះសម្បែង។
តាមការផ្សាយរបស់កាសែត CBS Newsនៅថ្ងៃទី២៦ឧសភានេះ បានបញ្ជាក់ថាស៊ីទែននោះ មានផ្ទុកសារធាតុគីមី «មេទីល មេតាក្រីឡាត» (MMA) ចំនួន ៧,០០០ ហ្គាឡុង គេប្រើប្រាស់ក្នុងការផលិតយន្តហោះ ហើយការឡើងកម្ដៅនេះបានធ្វើឱ្យប្រឈមមុខខ្ពស់នឹងបាតុភូតផ្ទុះ BLEVE (ការផ្ទុះនៃចំហាយទឹកដែលរីកមាឌដោយសារអង្គធាតុរាវពុះ)។
អាជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា ស្ថានការណ៍បានធូរស្រាលមួយកម្រិតដែលជួយកាត់បន្ថយសម្ពាធខាងក្នុង និងលុបបំបាត់ហានិភ័យនៃការផ្ទុះ ដែលឱ្យប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះវិញបានមួយផ្នែក។ ប៉ុន្តែអាជ្ញាធរនៅតែស្នើសុំឱ្យប្រជាពលរដ្ឋប្រហែល ១៦,០០០ នាក់ រស់នៅក្បែរទីតាំងកើតហេតុបំផុត កុំទាន់ត្រឡប់ទៅវិញ ដោយសារតែលទ្ធភាពនៃការលេចធ្លាយសារធាតុពុល ឬការផ្ទុះក្នុងកម្រិតតូចនៅតែអាចកើតមាន។
បច្ចុប្បន្ន ក្រុមពន្លត់អគ្គិភ័យកំពុងដកស្រទាប់ការពារកម្ដៅចេញពីស៊ីទែន និងបន្តបាញ់ស្រោចទឹកត្រជាក់រាប់លានហ្គាឡុងដើម្បីបញ្ចុះកម្ដៅ ខណៈលទ្ធផលនៃការធ្វើតេស្តទឹកហូរចេញពីទីតាំងនោះ បង្ហាញថាពុំទាន់មានការបំពុលសារធាតុគីមីគ្រោះថ្នាក់ចូលក្នុងបរិស្ថានឡើយ៕