អន្តរជាតិ
លោក Wang Yi អញ្ជើញធ្វើបទបង្ហាញអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាមេរិកនិងគំនិតឯកភាពរួម
តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនពីថ្ងៃទី ១៣ ដល់ ១៥ ខែឧសភា ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានធ្វើបទបង្ហាញទៅកាន់ប្រព័ន្ធសារព័ត៌មានអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សារវាងប្រមុខរដ្ឋចិន-អាមេរិកនិងគំនិតឯកភាពរួមកាលពីថ្ងៃទី ១៥ ខែឧសភា ។
លោក Wang Yi បានថ្លែងថា នេះគឺជាកិច្ចជំនួបពិភាក្សាប្រកបដោយលក្ខណៈជាប្រវត្តិសាស្ត្រ ។ ទីមួយ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលប្រទេសទាំងពីរឈានចូលដំណាក់កាលអភិវឌ្ឍន៍ដ៏សំខាន់រៀងៗខ្លួន ។ ទីពីរ នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើកដែលទំនាក់ទំនងចិន-អាមេរិកឈរលើទីចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ។ ទីបី នេះគឺជាកិច្ចជំនួបពិភាក្សាដ៏សំខាន់មួយលើក ដែលប្រមុខរដ្ឋនៃប្រទេសទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅនិងទទួលបានផ្លែផ្កាដ៏សម្បូរបែប ។
លោក Wang Yi បានលើកឡើងថា នៅក្នុងកិច្ចជំនួបពិភាក្សាលើកនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានឯកភាពគ្នាដោយចាត់ទុក”ទំនាក់ទំនងស្ថិរភាពជាយុទ្ធសាស្ត្ររវាងចិននិងអាមេរិកដែលប្រកបដោយលក្ខណៈស្ថាបនា”ជាទម្រង់ថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ ភាគីចិនបានសម្គាល់ឃើញថា នេះគួរតែជាស្ថិរភាពវិជ្ជមានដែលចាត់ទុកកិច្ចសហប្រតិបត្តិការជាស្នូល បង្កើនភាពធន់នៃទំនាក់ទំនងចិន-អាមេរិកតាមរយៈការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ ។ នេះគួរតែជាស្ថិរភាពដ៏ល្អប្រសើរ ដែលមានការប្រកួតប្រជែងដ៏សមរម្យ មិនត្រូវធ្វើការប្រកួតប្រជែងបែបផលបូកសូន្យឡើយ ។ នេះគួរតែជាស្ថិរភាពជាប្រក្រតីដែលអាចគ្រប់គ្រងការខ្វែងគំនិតបាន មិនត្រូវប្រែប្រួលឡើងចុះដូចជិះរទេះភ្លើងរំកិលនោះទេ ។ នេះគួរតែជាស្ថិរភាពយូរអង្វែង ដោយមិនត្រូវកើតមានការប៉ះទង្គិចឬបដិបក្ខគ្នារហូតដល់បង្កើតជាសង្គ្រាមឡើយ ។
លោក Wang Yi បានលើកឡើងថា តបតាមការអញ្ជើញរបស់លោកត្រាំ ប្រធានាធិបតីអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកក្នុងរដូវរំហើយឆ្នាំនេះ ។
លោក Wang Yi បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ បញ្ហាតៃវ៉ាន់គឺជាបញ្ហាពិភាក្សាសំខាន់មួយ ។ គោលជំហររបស់ភាគីចិន គឺ ច្បាស់លាស់ណាស់ ពោលគឺ ទីមួយ បញ្ហាតំបន់តៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ។ ទីពីរ បញ្ហាតៃវ៉ាន់គឺជាបញ្ហាសំខាន់បំផុតក្នុងទំនាក់ទំនងរវាងចិននិងអាមេរិក ប្រសិនបើដោះស្រាយមិនបានល្អ នោះ វានឹងជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកទៅកាន់សភាពគ្រោះថ្នាក់បំផុត ។ ទីបី ការគាំពារសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ជាតួចែករួមធំបំផុតរបស់ភាគីទាំងពីរ ។
លោក Wang Yi បានបន្តថា ប្រធានរដ្ឋចិន លោក Xi Jinping បានគូសបញ្ជាក់ថា ធាតុពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។ ប្រឈមមុខនឹងការខ្វែងគំនិតនិងជម្លោះ ការពិគ្រោះពិភាក្សាដោយសមភាពជាជម្រើសត្រឹមត្រូវតែមួយគត់ ។ ក្រុមការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរបានឈានដល់សមិទ្ធផលដ៏វិជ្ជមាននិងមានតុល្យភាពជាទូទៅ ៕