អន្តរជាតិ
អាម៉េរិកវាយប្រហារអ៊ីរ៉ង់ជាថ្មី ទោះបីជាមានបទឈប់បាញ់ក៏ដោយ
កងកម្លាំងអាម៉េរិកបានវាយប្រហារទីតាំងមីស៊ីលនៅភាគខាងត្បូងអ៊ីរ៉ង់ និងទូកដែលកំពុងព្យាយាមដាក់មីន ដែលអាមេរិកអះអាងថាធ្វើឱ្យប៉ះពាល់ដល់បទឈប់បាញ់ដ៏ផុយស្រួយ និងបង្កឱ្យមានការសង្ស័យថ្មីលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។
ការវាយប្រហារនៅថ្ងៃទី២៦ឧសភានេះ បានកើតឡើងនៅពេលដែលអ្នកចរចាកំពូលរបស់អ៊ីរ៉ង់បានមកដល់ទីក្រុងដូហាសម្រាប់ការចរចាជុំចុងក្រោយបំផុតដើម្បីបញ្ចប់ជម្លោះរយៈពេលជាច្រើនខែ និងខណៈពេលដែលយោធាអ៊ីស្រាអែលបានបង្កើនអរិភាពជាមួយក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងត្បូងប្រទេសលីបង់។
លោក Tim Hawkins អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងអាម៉េរិកបានធ្វើការវាយប្រហារការពារខ្លួននៅភាគខាងត្បូងអ៊ីរ៉ង់នៅថ្ងៃអង្គារិ៍ ដើម្បីការពារកងទ័ពពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់»។ លោកមិនបានលម្អិតអំពីការវាយប្រហារនោះទេ គ្រាន់តែនិយាយថាគោលដៅទាំងនោះរួមមានទីតាំងបាញ់មីស៊ីល និងទូកដែលកំពុងព្យាយាម «ដាក់មីន»តែប៉ុណ្ណោះ។
ដោយឡែក ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB បានរាយការណ៍ថា សំឡេងផ្ទុះខ្លាំងៗជាច្រើនត្រូវបានគេឮនៅក្នុងតំបន់ជុំវិញទីក្រុង Bandar Abbas នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃចន្ទ។
ការវាយប្រហារទាំងនេះបានគំរាមកំហែងដល់បទឈប់បាញ់ដែលបានចាប់ផ្តើមនៅថ្ងៃទី ៨ ខែមេសា ខណៈដែលសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់កំពុងតស៊ូដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្គ្រាមដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើជាមួយនឹងការរំខានយ៉ាងធ្ងន់ធ្ងរដល់លំហូរថាមពល។
ក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងមួយត្រូវបានទទួលការវាយប្រហារមួយផ្សេងទៀត នៅពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បែនចាមីន នែតាយ៉ាហ៊ូ (Benjamin Netanyahu) បានសន្យាថានឹងកំទេចក្រុមហេសបូឡាស (Hezbollah) នៅក្នុងប្រទេសលីបង់។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានទាមទារឱ្យកិច្ចព្រមព្រៀងសន្តិភាពត្រូវបានអនុវត្តចំពោះការប្រយុទ្ធគ្នានៅក្នុងប្រទេសលីបង់ផងដែរ។
តើការវាយប្រហាររបស់អាម៉េរិកជាបន្តបន្ទាប់នេះ គឺចង់បំផ្លាញអ៊ុយរ៉ាញ៉ូមរបស់អ៊ឺរ៉ង់?
ជារឿយៗលោក ត្រាំ តែងតែរំពឹងថាអ៊ីរ៉ង់នឹងប្រគល់អ៊ុយរ៉ាញ៉ូមចម្រាញ់របស់ខ្លួនទៅឱ្យសហរដ្ឋអាម៉េរិកដើម្បីបំផ្លាញចោល ឬឱ្យវាបំផ្លាញចោលនៅក្នុងប្រទេសអ៊ីរ៉ង់ដោយមានអន្តរជាតិជាសាក្សី។
លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា អ៊ុយរ៉ាញ៉ូមចម្រាញ់ (ធូលីនុយក្លេអ៊ែរ!) នឹងត្រូវប្រគល់ជូនសហរដ្ឋអាម៉េរិកភ្លាមៗ ដើម្បីបំផ្លាញចោល ឬប្រសើរជាងនេះទៅទៀត គឺត្រូវសហការ និងសម្របសម្រួលជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បំផ្លាញចោលនៅនឹងកន្លែង ឬនៅទីតាំងដែលអាចទទួលយកបានផ្សេងទៀត ដោយគណៈកម្មការថាមពលអាតូមិក ឬសមមូលរបស់ខ្លួន ធ្វើជាសាក្សីចំពោះដំណើរការនេះ។
បទឈប់បាញ់ដល់ផ្លូវបញ្ចប់ សង្គ្រាមចាប់ផ្តើមបន្ត?
រហូតមកដល់ពេលនេះ បទឈប់បាញ់រវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់នៅតែបន្ត ស្របពេលការវាយប្រហាររបស់អាម៉េរិកជាថ្មីបានកើតឡើងនៅពេលដែលអ្នកចរចាកំពូលរបស់អ៊ីរ៉ង់ និងអាម៉េរិកកំពុងពិភាក្សាគ្នានៅទីក្រុងដូហា ដើម្បីបញ្ចប់សង្គ្រាមរយៈពេលបីខែ។ បន្ថែមពីនេះ អ្នកការទូតជំរុញឱ្យមានដំណោះស្រាយចរចា ទោះបីជាអ៊ីរ៉ង់បានរក្សាការគ្រប់គ្រងលើការដឹកជញ្ជូនទំនិញនៅឈូងសមុទ្រឆ្លងកាត់ច្រកសមុទ្រហ័រមូស ហើយកងទ័ពជើងទឹកអាម៉េរិកបានព្យាយាមបិទច្រកសមុទ្ររបស់អ៊ីរ៉ង់ក៏ដោយ៕