អន្តរជាតិ
ព្យុះនៅចិនបណ្តាលឱ្យអ្នកស្លាប់កើនដល់ ២២នាក់ និង ២០នាក់បាត់ខ្លួន ខណៈទីក្រុងរងការខូចខាតធ្ងន់ធ្ងរ
(ក្រុងប៉េកាំង)៖ ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងភាគកណ្តាល និងភាគខាងត្បូងប្រទេសចិនចាប់តាំងពីចុងសប្តាហ៍បានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២២នាក់ និងប្រមាណ ២០នាក់ទៀតបាត់ខ្លួន ដោយហេដ្ឋារចនាសម្ព័ន្ធនាទីក្រុងរងការខូចខាតជាខ្លាំង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនស៊ីនហួរ នៅថ្ងៃទី២០ ខែឧសភានេះ។
មនុស្សប្រាំនាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និង ១១ នាក់ផ្សេងទៀតបាត់ខ្លួននៅក្នុងខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន ដោយមនុស្សជាង ៦១,៥០០ នាក់នៅក្នុងខេត្តមួយជាច្រើនបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចយ៉ាងខ្លាំងក្លាមិនធ្លាប់មាន។
នៅតំបន់ភាគខាងត្បូងនៃខេត្តក្វាងស៊ី មនុស្ស ១០ នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងបានធ្លាក់ចូលទៅក្នុងទន្លេដែលកំពុងហូរខ្លាំង។ ចំណែក នៅខេត្តគុយចូវមានមនុស្ស ៤នាក់ស្លាប់ និង ៥នាក់ទៀតបាត់ខ្លួន។ បន្ថែមពីនោះ នៅខេត្តហ៊ូប៉ី មានមនុស្ស ៣ នាក់ស្លាប់ និង ៤ នាក់បាត់ខ្លួន។
ជាការឆ្លើយតបរដ្ឋាភិបាលចិនបានបែងចែកថវិកាសង្គ្រោះគ្រោះមហន្តរាយចំនួន ១២០ លានយ័ន (១៧,៦ លានដុល្លារអាម៉េរិក) សម្រាប់តំបន់ដែលរងផលប៉ះពាល់ចំនួនប្រាំ៕