អន្តរជាតិ

២៦ប្រទេស ចេញមុខគាំទ្រឲ្យ​បើកច្រក Hormuz ឡើងវិញ

Published

on

58 Views

ចំពេលដែលភាពតានតឹងផ្នែកយោធាកំពុងកើនឡើងនៅជុំវិញច្រកសមុទ្រ Hormuz មេដឹកនាំនៃប្រទេសចំនួន ២៦ ជុំវិញពិភពលោក នៅថ្ងៃទី ១៥ ខែឧសភានេះ បានអំពាវនាវឱ្យបើកច្រកសមុទ្រមួយនេះវិញ និងប្តេជ្ញាបើកប្រតិបត្តិការយោធាចម្រុះជាតិសាសន៍បោសសម្អាតមីនក្នុងផ្លូវទឹក។

យោងតាមរបាយការណ៍របស់រដ្ឋាភិបាលអង់គ្លេស បានឱ្យដឹងថា មេដឹកនាំនៃ ២៦ ប្រទេស បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី១៤ ខែឧសភា ដោយបញ្ជាក់ថា «យើងនឹងរួមគ្នាកៀរគរសមត្ថភាពការទូត សេដ្ឋកិច្ច និងយោធា ដើម្បីគាំទ្រដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រ»។

សេចក្តីថ្លែងការណ៍នោះ បានសង្កត់ធ្ងន់ថា សេរីភាពនៃការដឹកជញ្ជូនទំនិញតាមកប៉ាល់ពាណិជ្ជកម្ម គឺជាសិទ្ធិស្នូលដែលត្រូវបានធានាដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងច្បាប់អន្តរជាតិ។ ពួកគេក៏បានព្រមព្រៀងគ្នាផងដែរថា ពួកគេ «គាំទ្រដល់បេសកកម្មយោធាចម្រុះជាតិសាសន៍ក្នុងទម្រង់ការពារសុទ្ធសាធ ដើម្បីការពារកប៉ាល់ស៊ីវិល រួមទាំងការបោសសម្អាតមីនផងដែរ»។

យ៉ាងណាក៏ដោយ ប្រតិបត្តិការនេះគ្រោងនឹងចាប់ផ្តើមនៅពេលដែលបរិយាកាសប្រតិបត្តិការអំណោយផល ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងនីតិវិធីសភារបស់ប្រទេសនីមួយៗ។

មិនតែប៉ុណ្ណោះ ទាំងអាម៉េរិក និងចិន ក៏កំពុងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ការបើកច្រកសមុទ្រនេះផងដែរ បន្ទាប់ពីជំនួបរវាង មេដឹកនាំ ស៊ី ជីនពីង និងប្រធានាធិបតី ត្រាំ នៅទីក្រុងប៉េកាំង៕

Leave a Reply

Your email address will not be published. Required fields are marked *

one × 3 =

ពេញនិយម

Exit mobile version