អន្តរជាតិ

អតីតនាយករដ្ឋមន្រ្តីថៃ ត្រូវអនុវត្តលក្ខខណ្ឌដោះលែង១១ចំណុច ទើបមិនវិលទៅរកពន្ធនាគារវិញ

Published

on

79 Views

(ក្រុងបាំងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអ្នកនយោបាយដ៏មានប្រជាប្រិយភាព បានវិលត្រឡប់ទៅដល់គេហដ្ឋាន «ចាន់សុងឡា» វិញហើយនៅថ្ងៃច័ន្ទ ក្រោយទទួលបានការដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីជាប់ឃុំអស់រយៈពេល ៨ខែ។ ទោះជាយ៉ាងណាក៏ដោយ ការរស់នៅក្រៅឃុំនេះត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតពីសំណាក់មន្ត្រីជំនាញ ដោយកំណត់នូវលក្ខខណ្ឌចំនួន ១១ ចំណុចដូចខាងក្រោម៖

១. ត្រូវស្នាក់នៅតាមអាសយដ្ឋានដែលអាជ្ញាធរបានអនុម័ត ជាមួយអ្នកធានាដែលបានកំណត់

២. ត្រូវគោរពច្បាប់ និងចៀសវាងរាល់អំពើខុសច្បាប់

៣. បំពេញការងារតែក្នុងមុខរបរដែលស្របច្បាប់ប៉ុណ្ណោះ

៤. អនុវត្តតាមការណែនាំ និងដំបូន្មានរបស់មន្ត្រីត្រួតពិនិត្យ

៥. ចូលរួមក្នុងសកម្មភាពស្តារនីតិសម្បទា ឬសកម្មភាពកែលម្អអាកប្បកិរិយាដែលរៀបចំដោយមន្ត្រី

៦. រាយការណ៍ខ្លួនឱ្យបានទៀងទាត់ទៅកាន់មន្ត្រីត្រួតពិនិត្យ ក្នុងមួយខែម្តង

៧. ត្រូវសុំការអនុញ្ញាតមុនពេលធ្វើដំណើរចេញក្រៅតំបន់ ឬខេត្តដែលបានកំណត់

៨. ចៀសវាងរាល់ឥរិយាបថដែលចាត់ទុកថាបង្កគ្រោះថ្នាក់ ឬទំនងជាបង្កឱ្យមានភាពវឹកវរក្នុងសង្គម

៩. ចៀសវាងការពាក់ព័ន្ធនឹងគ្រឿងញៀន សារធាតុប៉ះពាល់ដល់ប្រព័ន្ធប្រសាទ អាវុធ រំសេវ និងគ្រឿងផ្ទុះ

១០. ចៀសវាងការសួរសុខទុក្ខ ការទាក់ទង ឬការសេពគប់ជាមួយអ្នកទោស ឬអ្នកជាប់ឃុំដែលមិនមែនជាសាច់ញាតិ

១១. ចៀសវាងការសេពគប់ជាមួយបុគ្គល ឬក្រុមដែលអាចដឹកនាំឱ្យមានការប្រព្រឹត្តបទល្មើសឡើងវិញ ឬបង្កឱ្យមានការព្រួយបារម្ភដល់សាធារណជន។

តាមមន្ត្រីជំនាញថៃបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើលោក ថាក់​ ស៊ីន ខកខានមិនបានអនុវត្តតាមលក្ខខណ្ឌណាមួយនោះ ការដោះលែងនឹងត្រូវលុបចោល ហើយលោកនឹងត្រូវបញ្ជូនទៅកាន់ពន្ធនាគារវិញជាកំហិត។

បើទោះបីជាលោកទទួលបានសេរីភាពក៏ពិតមែន ប៉ុន្តែស្ថានភាពនេះហាក់នៅមានភាពស្រពិចស្រពិលនៅឡើយជុំវិញឥទ្ធិពលនយោបាយរបស់លោកនាពេលអនាគត។ មជ្ឈដ្ឋានជាច្រើនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើវត្តមានរបស់លោកនឹងបន្តជះឥទ្ធិពលលើឆាកនយោបាយថៃកម្រិតណា ជាពិសេសគឺកិច្ចការនយោបាយ និងបញ្ហាព្រំដែនជាមួយកម្ពុជានាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

5 × two =

ពេញនិយម

Exit mobile version