អន្តរជាតិ
មេដឹកនាំអាស៊ានរកយុទ្ធសាស្ត្រដើម្បីទប់ទល់ផលប៉ះពាល់ពីសង្គ្រាមអ៊ីរ៉ង់
(ក្រុងសេប៊ូ)៖ មេដឹកនាំនៃប្រទេសអាស៊ីអាគ្នេយ៍ដែលរៀបចំកិច្ចប្រជុំកំពូលនៅថ្ងៃទី៨ឧសភានេះ ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីការឆ្លើយតបសម្របសម្រួលចំពោះផលប៉ះពាល់នៃវិបត្តិមជ្ឈិមបូព៌ា ខណៈមេដឹកនាំទាំងនោះមានគោលបំណងបន្ធូរបន្ថយសម្ពាធថាមពលរបស់ខ្លួនដែលពឹងផ្អែកលើការនាំចូលប្រេង។
យោងតាមអង្គភាពរ៉យទ័របានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅលើកោះសេប៊ូ នៃប្រទេសហ្វីលីពីន មេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានគេរំពឹងថានឹងជំរុញឱ្យមានយុទ្ធសាស្ត្រសុខដុមរមនាដើម្បីធានាសន្តិសុខថាមពល និងស្បៀងអាហារនៅក្នុងតំបន់ដែលងាយរងគ្រោះជាពិសេសចំពោះការបិទច្រកសមុទ្រហ័រមូសជិត ៧០ ថ្ងៃ។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ក្នុងនាមជាប្រធានអាស៊ាន ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានលើកឡើងថា អាស៊ានកំពុងឈរជាមួយគ្នាដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបដោយឯកភាព និងការតាំងចិត្ត ប៉ុន្តែត្រូវតែរក្សាភាពរហ័សរហួន។
លោកបន្តថា នៅពេលមានភាពប្រែប្រួលខ្លាំង អាស៊ានត្រូវតែពង្រឹងការសម្របសម្រួល និងពង្រឹងការត្រៀមខ្លួន អនុវត្តវិធានការរួមជាក់ស្តែង ដើម្បីការពារការផ្គត់ផ្គង់ថាមពលដែលមានស្ថេរភាព និងកែលម្អការតភ្ជាប់គ្នាទៅវិញទៅមក។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៦នេះ នឹងមានប្រធានបទក្តៅៗជាច្រើនដែលនឹងត្រូវលើកយកមកជជែក ជាពិសេសបញ្ហាព្រំដែនកម្ពុជា-ថៃ និងការបោះឆ្នោតនៅមីយ៉ាន់ម៉ា៕