អន្តរជាតិ
អាស៊ាន មិនទាន់ឯកភាពទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ា
លោក Dominic Xavier Imperial អ្នកនាំពាក្យអាស៊ានសម្រាប់ឆ្នាំ២០២៦ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសជាសមាជិកទាំងអស់ នៅមិនទាន់មានការឯកភាពគ្នាជាឯកច្ឆន្ទ ថាតើគួរទទួលស្គាល់លទ្ធផលបោះឆ្នោតនៅមីយ៉ាន់ម៉ា ឬយ៉ាងណានោះឡើយ។ នេះបើយោងតាមការថ្លែងនៅមុនកិច្ចប្រជុំអាស៊ានលើកទី៤៨ ក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃទី៦ ខែឧសភានេះ។
ការបោះឆ្នោតនៅមីយ៉ាន់ម៉ា បានធ្វើឲ្យមេដឹកនាំយោធា លោក Min Aung Hlaing ក្លាយជាប្រធានាធិបតីជាផ្លូវការ បន្ទាប់ពីលោកបានក្តោបក្តាប់អំណាចអស់រយៈពេល ៥ឆ្នាំ ចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំ២០២១។ មីយ៉ាន់ម៉ា ចង់ឲ្យពិភពលោកទទួលស្គាល់រដ្ឋាភិបាលថ្មីនេះ ប៉ុន្តែអាស៊ាននៅតែប្រកាន់ជំហរយ៉ាងរឹងមាំ ដោយយក «គោលការណ៍កុងសង់ស៊ីស ៥ ចំណុច» ជាគោលការណ៍គ្រឹះដដែល ដែលតម្រូវឲ្យមានការបញ្ឈប់ហិង្សាជាបន្ទាន់ ការជជែកគ្នាដោយសន្តិវិធីរវាងគ្រប់ភាគីពាក់ព័ន្ធ និងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជន ដែលកំពុងរងគ្រោះ ជាដើម។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៦ ដែលមានហ្វីលីពីនធ្វើជាម្ចាស់ផ្ទះនេះ ថ្នាក់ដឹកនាំមកពីគ្រប់ប្រទេសសមាជិក នឹងទៅចូលរួមយ៉ាងកុះករ លើកលែងតែប្រទេសមីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលនឹងត្រូវតំណាងដោយមន្ត្រីជាន់ខ្ពស់ថ្នាក់លេខាធិការអចិន្ត្រៃយ៍ជំនួសវិញ។ រដ្ឋាភិបាលហ្វីលីពីន ក្រោមការដឹកនាំរបស់ប្រធានាធិបតី Ferdinand R. Marcos Jr. បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការដោះស្រាយវិបត្តិនេះ ដោយបានចាត់តាំងរដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឲ្យបន្តធ្វើការយ៉ាងជិតស្និទ្ធ ក្នុងនាមជាបេសកជនពិសេសរបស់ប្រធានអាស៊ាន ដើម្បីស្វែងរកច្រកចេញ សម្រាប់មីយ៉ាន់ម៉ា៕