អន្តរជាតិ
ហានិភ័យ! ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន ខណៈជិត៥០ម៉ោងទៀត កិច្ចប្រជុំអាស៊ាន និងមេដឹកនាំកំពូលៗពិភពលោកនឹងជួបប្រជុំគ្នា
ប្រហែលជា៥០ម៉ោងទៀតតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកកំពូលៗនឹងជួបប្រជុំគ្នានៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ខណៈភ្នំភ្លើងដ៏ល្បីល្បាញ Mayon កំពុងព្រួសផេះ និងផ្សែងខ្មៅគ្របដណ្តប់ពេញផ្ទៃមេឃ ដែលបង្ខំឲ្យអាជ្ញាធរត្រូវជម្លៀសគ្រួសារជាង ៣០០គ្រួសារ ចេញពីផ្ទះសម្បែង ដើម្បីសុវត្ថិភាពភ្លាមៗ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦។ ហេតុការណ៍នេះ បានធ្វើឲ្យភូមិចំនួន ៨៧ ក្នុងក្រុងចំនួន៣ ត្រូវរងគ្រោះដោយសារផេះធ្លាក់ចុះមកយ៉ាងក្រាស់ឃ្មឹក។ ផេះភ្នំភ្លើងនេះ ក៏បានបំផ្លាញចម្ការបន្លែរបស់អ្នកស្រុក និងបណ្ដាលឲ្យសត្វពាហនៈ ដូចជា ក្របី និងគោ ងាប់អស់មួយចំនួនផងដែរ។
ចំពោះកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុងសេប៊ូ ប្រជុំដោយថ្នាក់ដឹកនាំកំពូលៗពិភពលោកនឹងជួបប្រជុំគ្នារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៧-៨ ឧសភានេះហើយ ប៉ុន្តែថ្នាក់ដឹកនាំហ្វីលីពីន មិនទាន់ប្រកាសជាផ្លូវការណ៍ណាមួយក្នុងការផ្អាករឺពន្យាពេលជួបកិច្ចប្រជុំឡើយ។ ខណៈពីទីក្រុងសេប៊ូទៅកាន់ភ្នំភ្លើង Mayon មានចំងាយត្រឹមតែ៣៦០គីឡូមែត្រតែប៉ុណ្ណោះ។
អ្នកជំនាញខាងភ្នំភ្លើងហ្វីលីពីន បានបញ្ជាក់ថា វានៅតែមានគ្រោះថ្នាក់ជានិច្ច ព្រោះភ្នំភ្លើង Mayon គឺជាភ្នំភ្លើងដែលសកម្មបំផុត ក្នុងចំណោមភ្នំភ្លើងទាំង ២៤ នៅក្នុងប្រទេសហ្វីលីពីន។ ភ្នំភ្លើងនេះ មានកម្ពស់ជាង ២ ៤០០ម៉ែត្រ និងមានរូបរាងស្រួចស្អាត ដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ប៉ុន្តែវាក៏បង្កប់នូវគ្រោះថ្នាក់ដែលមិនអាចស្មានទុកជាមុនបានដែរ៕
ដោយ៖ ចិន្តា ទីទិ