អន្តរជាតិ

ជន​ភៀស​សឹក​លីបង់​​ប្រមាណ ១.៦លាននាក់ ​កំពុង​ជួបវិបត្តិ​​ធ្ងន់​ធ្ងរ​

Published

on

50 Views

ប្រទេស​លីបង់​ កំពុង​រងការវាយ​ប្រហារ​ពី​​អ៊ីស្រាអែល​​ស្ទើរ​តែរៀង​រាល់​ថ្ងៃ​ ដោយ​សារ​តែ​ហេតុ​ផល​ចង់​បំផ្លាញ់​ក្រុម​ហេសបូឡាដែល​ជាបក្សសម្ព័ន្ធរបស់អ៊ីរ៉ង់​​ និង​ហេតុ​ផល​ផ្សេង​ទៀត​របស់​មេដឹក​នាំ​អ៊ីស្រាអែល​។ ប្រជាជន​​លីបង់​​ចំនួន ១.៦លាននាក់ ដែល​​​​ត្រូវ​បាន​ផ្លាស់​ទីលំនៅ​​ កំពុង​ប្រឈម​នឹង​វិបត្តិ​មនុស្សធម៌​​យ៉ាង​ខ្លាំង​ ដោយ​កន្លែង​ស្នាក់​នៅ​មាន​ភាព​​​តូចចង្អៀត​​ កង្វះ​​ខាត​សម្ភារៈ​ចាំបាច់​ជា​មូលដ្ឋាន និង​​ការ​ទទួល​​បាន​​សេវា​ថែទាំ​សុខភាព​មាន​កម្រិត​ខ្សោយ ដោយ ៨៧% ពឹងផ្អែក​​លើ​ការព្យាបាលតាម​ផ្ទះ​។

មនុស្ស​ទាំង​អស់​នោះ​ កំពុង​​ស៊ូទ្រាំ​នឹង​​របួស​ផ្លូវចិត្ត​ដ៏ធ្ងន់ធ្ងរ ដោយ​ផ្លាស់​ទីលំនៅ​​ដោយ​បង្ខំ​ ​​មិន​អាច​ត្រឡប់​ទៅ​កន្លែង​​សុវត្ថិភាព​វិញ​​បាន​។ នេះ​បើយោង​តាម​គេហទំព័រគណៈកម្មាធិការជួយសង្គ្រោះអន្តរ​ជាតិ(IRC) ចេញ​ផ្សាយ​ចុង​ខែមេសា ឆ្នាំ​២០២៦។​

ខាងក្រោមនេះជាបញ្ហាធំៗដែលជន​ភៀស​សឹក​លីបង់កំពុង​ជួបប​ប្រទះ​​​​​៖

១. កង្វះ​ខាតជម្រក៖ ជម្រកផ្លូវការ​មាន​មនុស្សច្រើន បង្ខំឱ្យ​មនុស្សផ្សេង​ទៀត​ចូលទៅ​ក្នុងកន្លែងសាធារណៈ រថយន្ត ឬអគារចង្អៀតណែន មិន​មានសុវត្ថិភាព ឬមិនទាន់សាងសង់រួច ដោយប្រឈមមុខ​នឹង​ការគំរាម​កំហែង​បណ្តេញចេញពីម្ចាស់ទីតាំង។​​

២. សុខភាព និងអនាម័យ៖ កង្វះខាតលទ្ធភាពទទួលបានទឹកស្អាត ​អាហារ និងថ្នាំពេទ្យ រួមជាមួយនឹងស្តង់ដារអនាម័យមិនល្អ បង្កើន​ហានិភ័យសុខភាព។ ស្ត្រីមានផ្ទៃពោះប្រឈមមុខនឹងគ្រោះថ្នាក់សម្រាលកូនដោយគ្មានការថែទាំត្រឹមត្រូវ ហើយមនុស្សស្រី​ជាច្រើនប្រឈមនឹងកង្វះ​អនាម័យ​​ អំឡុងពេលមករដូវ។

៣. ការរំខានដល់ការអប់រំ៖ កុមារជាង ១៥០ ០០០នាក់ កំពុង​ប្រឈម​នឹងការរំខានដល់ការអប់រំ ដោយសារសាលារៀនជាច្រើន​ត្រូវបាន​ប្រើជាជម្រកស្នាក់​នៅ។

៤. សុវត្ថិភាព និងការការពារ៖ មាន​អត្រា​ខ្ពស់​នៃអំពើហិង្សាផ្អែក​លើ​យេនឌ័រ (GBV) ភាពតានតឹងផ្លូវចិត្ត​ធ្ងន់ធ្ងរ ជាពិសេសក្នុង​ចំណោមស្ត្រី ​កុមារ និងក្រុមងាយរងគ្រោះ​។

៥. ការដួលរលំសេដ្ឋកិច្ច៖ ការបាត់បង់ប្រាក់ចំណូល​យ៉ាងខ្លាំង ការ​ជួល​មាន​តម្លៃ​ខ្ពស់ និង​វិបត្តិសេដ្ឋកិច្ចលីបង់​កាន់តែអាក្រក់​ ធ្វើឱ្យគ្រួសារ​គ្មានលទ្ធភាពទិញ​សម្ភារៈចាំបាច់។

៦. ភាព​ងាយរងគ្រោះរបស់​ជនអន្តោប្រវេសន៍៖ សហគមន៍ជន​អន្តោប្រវេសន៍​ប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរនៃការកេងប្រវ័ញ្ច និយោជកបោះបង់ចោល បាត់បង់សិទ្ធិចូលប្រើ​ឯកសារផ្សេងៗ និងជួបប្រទះនឹងការ​រើសអើង ឬការដក​ចេញពីជំនួយ​។

៧. ការថយចុះលទ្ធភាពទទួលបានជំនួយមនុស្សធម៌៖ ជម្លោះកើនឡើង អសន្តិសុខ និងការវាយប្រហារ​លើបុគ្គលិកពេទ្យបានរារាំងសមត្ថភាពរបស់​ភ្នាក់ងារមនុស្សធម៌ក្នុងការ​ជួយ​ដល់អ្នក​ដែល​ត្រូវការជំនួយ​៕

Leave a Reply

Your email address will not be published. Required fields are marked *

20 − 5 =

ពេញនិយម

Exit mobile version