អន្តរជាតិ
តុលាការកូរ៉េខាងត្បូង សម្រេចបន្ថែមទោសលោក Yoon ៧ឆ្នាំ លើទោសជាប់គុកមួយជីវិត
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កាន់តែដុនដាបខ្លាំងឡើង បន្ទាប់ពីតុលាការឧទ្ធរណ៍នៅទីក្រុងសេអ៊ូល បានសម្រេចបង្កើនទោសជាប់ពន្ធនាគារលើរូបលោករហូតដល់៧ឆ្នាំបន្ថែមទៀត នៅថ្ងៃទី២៩ ខែមេសានេះ ដោយសារតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ក្នុងការរារាំងការអនុវត្តច្បាប់របស់មន្ត្រីស៊ើបអង្កេត។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ករណីនេះ បានកើតឡើងតាំងពីឆ្នាំ២០២៥ នៅពេលដែលលោកបានបញ្ជាឲ្យក្រុមអង្គរក្សប្រធានាធិបតីប្រើកម្លាំងបិទផ្លូវ និងធ្វើជាខែលការពាររូបលោក ដើម្បីកុំឲ្យមន្ត្រីប្រឆាំងអំពើពុករលួយចូលមកចាប់ខ្លួនលោកតាមដីកាស្របច្បាប់បាន។
នៅក្នុងសវនាការដែលបានចាក់ផ្សាយជាសាធារណៈ ចៅក្រមបានសង្កត់ធ្ងន់ថា សកម្មភាពរបស់លោក Yoon គឺជាការរំលោភលើរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ ព្រោះលោកបានយកអំណាចរដ្ឋ និងធនធានជាតិមកប្រើប្រាស់ ដើម្បីការពារប្រយោជន៍ផ្ទាល់ខ្លួន។ ក្រៅពីបទរារាំងយុត្តិធម៌ លោកក៏ត្រូវបានរកឃើញថាមានទោសពីបទរំលោភអំណាច និងការក្លែងបន្លំឯកសារសាធារណៈថែមទៀតផង។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទោសជាប់ពន្ធនាគារ ៧ឆ្នាំនេះ គ្រាន់តែជាផ្នែកមួយតូចនៃបញ្ហាច្បាប់ដ៏ស្មុគស្មាញរបស់លោកតែប៉ុណ្ណោះ។ បច្ចុប្បន្ន លោក Yoon កំពុងតែជាប់ឃុំឃាំងក្រោមទោស «ជាប់គុកមួយជីវិត» រួចទៅហើយ ពាក់ព័ន្ធនឹងបទចោទប្រកាន់ពីបទក្បត់ជាតិ និងការដឹកនាំរដ្ឋប្រហារ ក្នុងព្រឹត្តិការណ៍ប្រកាសច្បាប់អាជ្ញាសឹកកាលពីចុងឆ្នាំ២០២៤។ មិនត្រឹមតែប៉ុណ្ណោះ លោកនៅមានសំណុំរឿងមួយទៀត ដែលកំពុងស្ថិតក្នុងការជំនុំជម្រះ គឺការចោទប្រកាន់ថាបានបញ្ជូនដ្រូនទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីបង្កើតជាលេសបង្កជម្លោះ ដែលអាចឲ្យលោកប្រឈមនឹងទោសបន្ថែមរហូតដល់ ៣០ឆ្នាំទៀត។
ក្នុងពេលជាមួយគ្នានេះដែរ ភរិយារបស់លោក គឺលោកស្រី Kim Keon Hee ក៏ទើបតែត្រូវបានតុលាការបង្កើនទោសឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ កាលពីថ្ងៃអង្គារកន្លងទៅ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការកែប្រែតម្លៃភាគហ៊ុន។ ស្ថានការណ៍នេះ បានធ្វើឲ្យគ្រួសារអតីតថ្នាក់ដឹកនាំរូបនេះ ធ្លាក់ក្នុងវិបត្តិផ្លូវច្បាប់ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រនយោបាយកូរ៉េខាងត្បូងសម័យទំនើប៕