អន្តរជាតិ
ខ្មាន់កាំភ្លើងដែលបាញ់ប្រហារលោក ត្រាំ គឺជានរណា?
ជនសង្ស័យដែលត្រូវបានចាប់ខ្លួននៅក្នុងការបាញ់ប្រហារនៅពិធីជប់លៀងអ្នកសារព័ត៌មានសេតវិមានកាលពីថ្ងៃទី២៦ម្សិលម៉ិញនេះ ត្រូវបានកំណត់អត្តសញ្ញាណដោយមន្ត្រីអនុវត្តច្បាប់ម្នាក់ឈ្មោះថា Cole Tomas Allen មកពីតំបន់ Los Angeles ដែលជានិស្សិតបញ្ចប់ការសិក្សាពីសាលា Caltech ដែលធ្វើការជាគ្រូបង្រៀនក្រៅម៉ោង និងជាអ្នកអភិវឌ្ឍន៍ហ្គេម។ ដូចនេះ តើលោក Cole Tomas Allen មានប្រវត្តិរូបបែបណា ដែលជាជនសង្ស័យក្នុងការបាញ់ប្រហារនៅពិធីជប់លៀងអ្នកយកព័ត៌មានសេតវិមាន?
បើយោងតាមទីភ្នាក់ងាររ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែមេសានេះថាជនសង្ស័យនោះមានអាយុប្រហែល ៣១ឆ្នាំ ជាអ្នករស់នៅក្នុងតំបន់ Torrance រដ្ឋ California ដែលជាទីក្រុងឆ្នេរសមុទ្រជាផ្នែកមួយនៃតំបន់ South Bay។
អ្នកស៊ើបអង្កេតបានលើកឡើងថា ជនសង្ស័យគឺជាភ្ញៀវនៅសណ្ឋាគារ Washington Hilton ជាកន្លែងពិធីជប់លៀងប្រចាំឆ្នាំកំពុងប្រព្រឹត្តទៅ ប៉ុន្តែមិនមានហេតុផលណាមួយត្រូវបានកំណត់នោះទេ។
យោងតាមប្រវត្តិរូបក្នុងគេហទំព័រ LinkedIn បានពិពណ៌នាថាជនសង្ស័យនោះជា «វិស្វករមេកានិច និងអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ ជាអ្នកអភិវឌ្ឍន៍ហ្គេមឯករាជ្យ និងជាគ្រូបង្រៀន»។
លោកបានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិចពីវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០១៧ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ានៅ Dominguez Hills ក្នុងឆ្នាំ២០២៥។
គូសបញ្ជាក់ថា ជនសង្ស័យមានកាំភ្លើងខ្លីមួយដើម ហើយត្រូវបានចាប់ខ្លួនបន្ទាប់ពីបើកការបាញ់ប្រហារទៅលើភ្នាក់ងារសេវាសម្ងាត់ម្នាក់នៅក្នុងសណ្ឋាគារ Washington Hilton នៅខាងក្រៅសាលជប់លៀង ដែលមានការចូលរួមពីប្រធានាធិបតី Donald Trump និងភរិយារបស់លោក Melania អនុប្រធានាធិបតី JD Vance និងលេខាធិការគណៈរដ្ឋមន្ត្រីមួយចំនួន៕