អន្តរជាតិ
អ៊ីរ៉ង់ គំរាមកម្ទេចឧស្សាហកម្មប្រេងនៅទូទាំងតំបន់មជ្ឈិមបូព៌ា បើសង្គ្រាមជាមួយអាម៉េរិកផ្ទុះឡើងជាថ្មី
ទីក្រុងតេហេរ៉ង់ បានចេញការព្រមានខ្លាំងៗថា ខ្លួននឹងកម្ទេចឧស្សាហកម្មប្រេងនៅទូទាំងតំបន់មជ្ឈិមបូព៌ា បើផ្ទុះសង្គ្រាមបន្តទៀតជាមួយអាម៉េរិក។ នេះបើតាមការផ្សាយរបស់Arab Times នៅថ្ងៃទី២២ ខែមេសានេះ។
មេទ័ពនៃកងឆ្មាំបដិវត្តឥស្លាម (IRGC) លោក Majid Mousavi ដែលប្រកាសក្តែងៗថា ឧស្សាហកម្មប្រេងនៅក្នុងតំបន់ឈូងសមុទ្រ នឹងក្លាយជាគោលដៅវាយប្រហារ ប្រសិនបើជម្លោះផ្ទុះឡើងវិញ ហើយបើបណ្តាប្រទេសក្នុងតំបន់ អនុញ្ញាតឲ្យសហរដ្ឋអាម៉េរិកប្រើប្រាស់ទឹកដីរបស់ពួកគេដើម្បីធ្វើការវាយប្រហារលើអ៊ីរ៉ង់។
លោកគំរាមថា «ប្រសិនបើប្រទេសជិតខាងនៅភាគខាងត្បូង អនុញ្ញាតឲ្យសត្រូវប្រើប្រាស់មូលដ្ឋានរបស់ពួកគេដើម្បីវាយប្រហារអ៊ីរ៉ង់មែន ពួកគេគួរតែត្រៀមខ្លួននិយាយពាក្យលាទៅកាន់ការផលិតប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ាឲ្យហើយទៅ»។
ការព្រមាននេះកើតឡើងស្របពេលប្រមុខសេតវិមាន ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ តាមសំណើរបស់ប្រទេសប៉ាគីស្ថាន ហើយបទឈប់បាញ់ថ្មីនេះនឹងបន្តរហូតដល់ការចរចាជាមួយទីក្រុងតេហេរ៉ង់ ត្រូវបានបញ្ចប់។
យ៉ាងណា មេដឹកនាំប្រទេសមហាអំណាចអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកបានបញ្ជាឲ្យកងទ័ពអាម៉េរិក បន្តការបិទខ្ទប់ផ្លូវទឹកអ៊ីរ៉ង់ ហើយក្នុងទិដ្ឋភាពផ្សេងទៀត ត្រូវរក្សាការត្រៀមខ្លួន និងសមត្ថភាពឲ្យបានខ្ជាប់ខ្ជួន។ បទឈប់បាញ់ដែលត្រូវផុតកំណត់ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ នឹងពន្យារពេល រហូតដល់ទីក្រុងតេហេរ៉ង់ ដាក់សំណើ ហើយកិច្ចពិភាក្សាត្រូវបានបញ្ចប់ មិនថាតាមផ្លូវណាមួយនោះទេ៕