អន្តរជាតិ
គុយបា ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាមជាមួយអាម៉េរិក
ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel កាលពីថ្ងៃទី១៦មេសានេះ បានផ្ញើសារយ៉ាងម៉ឺងម៉ាត់ទៅកាន់អាម៉េរិកថា ប្រទេសរបស់លោកមិនចង់បានការឈ្លានពានផ្នែកយោធាណាមួយឡើយ ប៉ុន្តែគុយបាបានត្រៀមខ្លួនរួចជាស្រេចដើម្បីតតាំង ប្រសិនបើសង្រ្គាមជៀសមិនរួច។
មេដឹកនាំគុយបា បានប្រកាសក្ដែងៗនេះបានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបោះសម្ដីថា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៊ីរ៉ង់ លោកអាចនឹងបែរមកចាត់ការបញ្ហាគុយបាបន្តទៀត។ លោកត្រាំ បានរិះគន់គុយបាថា ជាប្រទេសដែលដឹកនាំបានយ៉ាងអន់បំផុតក្នុងរយៈពេលដ៏យូរមកហើយ និងជា «រដ្ឋដែលបរាជ័យ»។ អាមេរិកថែមទាំងបានប្រើវិធានការបិទផ្លូវថាមពល និងគំរាមដាក់ពិន័យដល់ប្រទេសណាដែលហ៊ានលក់ប្រេងឲ្យគុយបាទៀតផង ទង្វើនេះបានធ្វើឲ្យគុយបាធ្លាក់ក្នុងវិបត្តិអគ្គិសនី និងខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ។
ឆ្លើយតបនឹងការចោទប្រកាន់របស់អាម៉េរិក លោកប្រធានាធិបតីគុយបាបានបដិសេធទាំងស្រុងថា គុយបាមិនមែនជារដ្ឋដែលបរាជ័យនោះទេ ប៉ុន្តែគឺជា «រដ្ឋដែលកំពុងរងការឡោមព័ទ្ធ» ពីសង្គ្រាមសេដ្ឋកិច្ចរបស់អាម៉េរិកទៅវិញទេ។ លោកបានលើកឡើងថា ទោះបីជាមានការគាបសង្កត់យ៉ាងណាក៏ដោយ ក៏គុយបានៅតែអាចឈរជើងបានតាមរយៈប្រព័ន្ធសង្គមនិយម ដែលផ្ដល់ការអប់រំ និងសេវាសាធារណៈដោយសេរីដល់ប្រជាជន។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គុយបាគឺជាប្រទេសដែលមិនព្រមចុះចាញ់ ហើយនឹងបន្តតស៊ូបង្កើតថ្មីដើម្បីយកឈ្នះលើឧបសគ្គទាំងនេះឲ្យបាន។
បច្ចុប្បន្ន ស្ថានភាពនៅក្នុងប្រទេសគុយបាកំពុងស្ថិតក្នុងភាពដុនដាបខ្លាំង ដែលអ្នកជំនាញខ្លះបារម្ភថាអាចនឹងឈានដល់វិបត្តិមនុស្សធម៌ ដោយសារការដាច់ចរន្តអគ្គិសនីអូសបន្លាយ និងកង្វះស្បៀងអាហារ៕