អន្តរជាតិ
សង្គ្រាមមជ្ឈិមបូព៌ា អាចបង្កគ្រោះអត់ឃ្លានជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់រងទុក្ខវេទនា
អង្គការ World Central Kitchen (WCK) បានចេញការព្រមានថា សង្គ្រាមនៅអ៊ីរ៉ង់ អាចបង្កឲ្យមានគ្រោះអត់ឃ្លាន ជាសកល ធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវរងទុក្ខវេទនា ជាពិសេសក្នុងប្រទេសក្រីក្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរុស្ស៊ី RT។
លោក Jose Andres ដែលព្រមានកាលពីថ្ងៃទី១៦ខែមេសានេះថា សង្រ្គាមធ្វើឲ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ត្រូវជាប់គាំង ខណៈច្រកនេះ គឺជាផ្លូវដ៏សំខាន់ដែលផ្ទុកប្រហែល ១ ភាគ ៣ នៃពាណិជ្ជកម្មជីកសិកម្មពិភពលោក ក្នុងនោះជីប្រភេទអាសូត និងអ៊ុយរ៉េ រងផលប៉ះពាល់ខ្លាំងជាងគេ។
លោកថា «វាមិនមែនមានតែប្រេងទេ ដែលដឹកជញ្ជូនចេញតាមច្រក Hormuz។ ខ្ញុំមើលឃើញទុកជាមុននូវការកើនឡើងយ៉ាងខ្លាំងនៃគ្រោះអត់ឃ្លាននៅទូទាំងពិភពលោក ត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៦និងឆ្នាំ២០២៧។ ភាពវឹកវរនៃការដឹកជញ្ជូនតាមកប៉ាល់នៅក្នុង និងជុំវិញច្រកសមុទ្រ Hormuz កំពុងតែធ្វើឲ្យការផ្គត់ផ្គង់ជីកសិកម្មមានភាពតឹងតែង និងរុញច្រានតម្លៃឲ្យកាន់តែខ្ពស់សម្រាប់កសិករ»។
លោកបានចង្អុលចំៗទៅកាន់ប្រទេសក្រីក្រដូចជា ហៃទី ដែលកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរបំផុត។ ជាក់ស្តែងលោកបានលើកឧទាហរណ៍ថា «បើអ្នកទិញអង្ករមួយគីឡូក្រាម គេព្រមលក់ឲ្យអ្នកតែកន្លះគីឡក្រាមប៉ុណ្ណោះ»។
ចំណែកកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក៏បានបញ្ជាក់ដែរថា ក្នុងករណីអាក្រក់បំផុត វិបត្តិនេះអាចជះផលអាក្រក់ដល់ការប្រមូលផលនៅរដូវក្រោយ ដែលនឹងរុញច្រានពិភពលោកឲ្យធ្លាក់ក្នុងវិបត្តិអតិផរណាស្បៀងអាហារកាន់តែខ្លាំង៕