ព័ត៌មានអន្តរជាតិ

ហេតុអ្វីបានជាលោក ដូណាល់ត្រាំ អន្ទះសារចង់បញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា?

Published

on

4 Views

សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលចាប់ផ្ដើមដោយសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល វាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ បច្ចុប្បន្នបានឈានចូលដល់រយៈពេលជាង១ខែហើយ និងបានធ្វើឱ្យមានបញ្ហារួមរឹតកាន់តែខ្លាំង ទាំងសាកលលោក និងសហរដ្ឋអាម៉េរិក ក៏ដូចជាសន្តិសុខនៅមជ្ឈិមបូព៌ា ដែលបញ្ហានេះនឹងកាន់តែរួមរឹតកាន់តែខ្លាំងបន្ថែមទៀត ប្រសិនបើគ្មានដំណោះស្រាយណាមួយជាក់លាក់។ យើងឃើញថាថា លោក ដូណាល់ត្រាំ បានដាក់ចេញនូវការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ាក្នុងភាពអន្ទះសារនិងតក់ក្រហល់ ដែលស្ដែងឱ្យឃើញនូវទិដ្ឋភាព៥ចំណុចសំខាន់ៗ។ ចំណុចទីមួយគឺ សម្ព័ន្ធមិត្តណាតូហាក់មិនមានជំហររួមលើករណីនេះ ដោយអាម៉េរិកមិនទទួលបានរួមពីសំណាក់សមាជិកសម្ព័ន្ធភាពយោធាអន្តរទ្វីបនេះទេ ខណៈដែលលោក ដូណាល់ត្រាំ ក៏ធ្លាប់បានបង្ហាញអំពីជំហរនៅក្នុងការធ្វើសង្គ្រាមដែលហាក់ស្របតាមអ្វីដែលលោក នេតាន់យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលទៅវិញ។ ហេតុនេះហើយ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់បានធ្វើឱ្យមានការបែកខ្ញែកជំហររួមរបស់ណាតូ ខណៈដែលសហរដ្ឋអាម៉េរិកបានព្រមានណាតូផងដែរថា ខ្លួនអាចនឹងដើរចេញពីណាតូ។ ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិកមិនអាចដើរចេញពីណាតូបានទេ ព្រោះសហរដ្ឋអាម៉េរិកគឺជាអ្នកផ្ដួចផ្ដើមបង្កើត ជាក្បាលម៉ាស៊ីនអង្គការនេះ ហើយណាតូទៀតសោតក៏ជាយន្តការនៃការគ្រប់គ្រងសណ្ដាប់ធ្នាប់សាកលរបស់សហរដ្ឋអាម៉េរិកផងដែរ។ ត្រង់ចំណុចនេះ ការមិនមានជំហររួមរបស់ណាតូ គឺជាបញ្ហាមួយដែលលោក ដូណាល់ត្រាំ ត្រូវកែប្រែយុទ្ធសាស្ត្រលើវិបត្តិសង្គ្រាមមជ្ឈិមបូព៌ា។

ទិដ្ឋភាពមួយទៀតនៃសង្គ្រាមនៅមជ្ឈិមបូព៌ានោះគឺ ការចំណាយធនធានដ៏ក្រាស់ក្រែលនៅក្នុងការធ្វើសង្រ្គាម ដែលអាចបង្កទៅជាវិបត្តិផ្ទៃក្នុងសហរដ្ឋអាម៉េរិក ព្រោះដូចដែលបានដឹងហើយថា អ៊ីរ៉ង់បានប្រើប្រាស់អាវុធច្នៃប្រតិដ្ឋ ពិសេសដ្រូនអត្តឃាត និងដ្រូនផ្សេងៗទៀត ទៅវាយប្រហារមូលដ្ឋានយោធា និងប្រឆាំងទៅលើសព្វាវុធសហរដ្ឋអាម៉េរិក ដែលមានតម្លៃខ្ពស់កប់ពពក។ នេះគឺជាអតុល្យភាពនៃចំណាយលើសព្វាវុធរវាងគូភាគីទាំងពីរ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ដែលជាបញ្ហាចោទសម្រាប់ការចំណាយលើសង្គ្រាម ភ្ជាប់គ្នាជាមួយនឹងបញ្ហានយោបាយផ្ទៃក្នុង និងការគាំទ្ររបស់ពលរដ្ឋអាម៉េរិកលើលោក ដូណាល់ត្រាំ។

បញ្ហាប្រឈមដ៏សំខាន់មួយផ្សេងទៀតសម្រាប់សហរដ្ឋអាម៉េរិកនោះគឺ ប្រសិនបើលោក ដូណាល់ត្រាំ មិនអាចបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ានាពេលបច្ចុប្បន្នបាននោះទេ នោះពិភពលោកអាចនឹងចង្អុលមុខសហរដ្ឋអាម៉េរិក ដែលបានបង្កសង្គ្រាមនាំទៅដល់វិបត្តិជាសកលលើបញ្ហាកង្វះខាតការផ្គត់ផ្គង់និងឡើងថ្លៃប្រេងឥន្ធនៈ ដូចដែលយើងបានឃើញហើយថា សូម្បីតែប្រទេសកម្ពុជាក៏ជួបប្រទះនឹងវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃទ្វេរនិងត្រីគុណផងដែរ។ នេះគឺជាបញ្ហាប្រឈមដែលពិភពលោកទាំងមូលនឹងដាក់បន្ទុកទៅលើសហរដ្ឋអាម៉េរិកនិងអ៊ីស្រាអែល ដែលបានដុតបញ្ឆេះសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ រហូតដល់មានការបិទខ្ទប់ច្រកសមុទ្រហូម៉ូស ដែលជាទីតាំងនាំចេញប្រេងរហូតដល់ប្រមាណ២០%នៃប្រេងសាកលលោក។

ជាមួយគ្នានេះ សង្គ្រាមខាងលើក៏ជាចំណែកមួយដែលបង្ហាញថា លោក ដូណាល់ត្រាំ បានបំផ្លាញគោលការណ៍គ្រឹះនៃសន្តិភាពរបស់ខ្លួនលោកផ្ទាល់ផងដែរ។ ប្រធានាធិបតីសហរដ្ឋអាម៉េរិកនេះ បានកំណត់គោលការណ៍គ្រឹះសន្តិភាពសម្រាប់អាណត្តិដឹកនាំរបស់លោក ដើម្បីស្វែងរកសន្តិភាពសម្រាប់សាកលលោក ប៉ុន្តែសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បែរជាបានក្លាយទៅជាការដុតបំផ្លាញគោលការណ៍គ្រឹះនេះទៅវិញ។ ត្រង់ចំណុចនេះគេត្រូវដឹងថា សង្គ្រាមរបស់អាម៉េរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានបង្កនូវការបំផ្លិចបំផ្លាញស្ថិរភាពនិងសន្តិសុខតំបន់មជ្ឈិមបូព៌ាយ៉ាងធ្ងន់ធ្ងរ តាមរយៈការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់ និងបណ្ដាប្រទេសឈូងសមុទ្រដែលមានមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក ការប្រកាសចូលរួមក្នុងសង្គ្រាមពីសំណាក់ក្រុមប្រដាប់អាវុធក្នុងតំបន់ និងការវាយប្រហារទៅលើប្រទេសលីបង់ពីសំណាក់អ៊ីស្រាអែលជាដើម។

បញ្ហាប្រឈមមួយទៀត ដែលនាំឱ្យសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ត្រាំ ប្រញាប់ប្រញាល់ចង់បញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់នោះគឺ ការវាយតម្លៃខុសទៅលើសមត្ថភាពឆ្លើយតបខាងយោធារបស់អ៊ីរ៉ង់ ដែលការណ៍នេះបាននាំឱ្យមានវិបត្តិធ្ងន់ធ្ងរសម្រាប់តំបន់និងពិភពលោក និងអាចឈានទៅដល់សង្គ្រាមលោកទី៣ ឬនាំសហរដ្ឋអាម៉េរិកជាប់ផុងនឹងសង្គ្រាមមជ្ឈិមបូព៌ាយូរអង្វែងផងដែរ ដែលសង្គ្រាមនេះបែរជាផ្តល់ចំណេញជាយុទ្ធសាស្ត្រដល់ចិន និងសហព័ន្ធរុស្ស៊ីទៅវិញ។ ដូច្នេះហើយ សង្គ្រាមនេះ ប្រសិនបើសហរដ្ឋអាម៉េរិកនៅតែបន្តធ្វើទៀត ពិភពលោកនឹងត្រូវរួមរឹតកាន់តែខ្លាំង ហើយទណ្ឌកម្មប្រឆាំងនឹងសហព័ន្ធរុស្ស៊ី អាចនឹងត្រូវបន្ធូរបន្ថយជាបន្តបន្ទាប់ថែមទៅទៀត ចំណែកសហរដ្ឋអាម៉េរិកខ្លួនឯង ត្រូវប្រឈមនឹងការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ បង្កើនការមិនសប្បាយចិត្តពីបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ា ទាំងប្រទេសជាសម្ព័ន្ធមិត្ត និងប្រទេសដែលមានមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក ហើយត្រូវអ៊ីរ៉ង់កំណត់គោលដៅសម្រាប់ការវាយប្រហារ។ ទាំងនេះគឺជាបច្ច័យដែលនាំឱ្យសហរដ្ឋអាម៉េរិកត្រូវតែប្រញាប់ប្រញាល់បញ្ចប់សង្គ្រាមដែលខ្លួននិងអ៊ីស្រាអែលបានបញ្ឆេះឡើងនៅតំបន់ជង្រុកប្រេងពិភពលោក។ ជាទស្សនទានផ្ទាល់ លោកបណ្ឌិត យង់ ពៅ បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ត្រូវឆាប់ស្វែងរកវិធានបញ្ចប់សង្គ្រាមនេះកាន់តែលឿនរហ័ស ចៀសវាងសេនារីយ៉ូ ដែលអាចទាញស្ថានការណ៍កាន់តែធ្លាក់ចុះខ្លាំង រហូតដល់លេចចេញនូវហានិភ័យនៃសង្គ្រាមលោកលើកទី៣ ដែលពិភពលោកមិនអាចទទួលយកបានឡើយ ខណៈដែលប្រទេសជាច្រើនកំពុងកាន់កាប់អាវុធនុយក្លេអ៊ែរ ដែលមានសមត្ថភាពបំផ្លិចបំផ្លាញលោករាប់រយដង ជាងអានុភាពសព្វាវុធ ដែលប្រទេសមហាអំណាចនានាមាននៅក្នុងសម័យសង្គ្រាមលោកទាំងពីរលើកកន្លងទៅក្នុងប្រវត្តិសាស្ត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *

five × one =

ពេញនិយម

Exit mobile version