អន្តរជាតិ

ប្រធានាធិបតី​បារាំង​សរសេរ​ជា​ភាសា​ខ្មែរ​ អរគុណនាយករដ្ឋមន្ត្រីកម្ពុជា និងបញ្ជាក់​ពី​ទំនាក់ទំនង​កាន់​តែ​រឹង​មាំ​ជាមួយ​កម្ពុជា​

Published

on

41 Views

ប្រធានាធិបតី​បារាំង​លោក អេម៉ានុអែល ម៉ាក្រុង (Emmanuel Macron) បាន​សរសេរ​លើ​បណ្ដាញ​សង្គម X របស់​លោក​ថ្លែង​អំណរ​គុណ​នាយករដ្ឋមន្ត្រី​កម្ពុជា​ជា​ភាសាខ្មែរ និង​បានបញ្ជាក់​ពី​ចំណង​ទំនាក់ទំនង​ដែល​កាន់​តែ​រឹង​មាំ​រវាង​បារាំង​ និង​កម្ពុជា​។

តាមសំណេររបស់លោក​ជា​ភាសា​ខ្មែរបានឱ្យដឹង​ថា «​សូម​អរគុណ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត សម្រាប់​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល One Health កាល​ពី​ម្សិលមិញ​នៅ​ទី​ក្រុង​ល្យុង​ និង​សម្រាប់​ការ​ពិភាក្សា​របស់​យើង​នៅ​ថ្ងៃ​នេះ​នៅ​ទី​ក្រុង​ប៉ារីស។ រវាង​កម្ពុជា និង​បារាំង​ ប្រវត្តិសាស្ត្រ​របស់​យើង​មាន​ជម្រៅ​យ៉ាង​ខ្លាំង ហើយ​កាន់តែ​រឹងមាំ​ឡើង​នៅ​ក្នុង​វិស័យ​ថាមពល សុខាភិបាល និង​បេតិកភណ្ឌ»។

ប្រធានាធិបតី​បារាំង បាន​បញ្ជាក់​ថា​លោក​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​២០២៦​ខាង​មុខ​នេះ ដែល​ជា​ឱកាស​បន្ថែម​មួយ​ទៀត ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដែល​ភ្ជាប់ កម្ពុជា-បារាំង ​ឱ្យ​កាន់​តែ​ខ្លាំង​ឡើង។

​គួរ​ជម្រាប​ដែរ​ថា ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ដឹក​នាំ​គណៈប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដីពី​សុខភាព​តែ​មួយ (One Health Summit) នៅ​ទីក្រុង​លីយ៉ុង និង​ទស្សនកិច្ច​ការងារ​ នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២០៦​នេះ​។

​កម្ពុជា​គឺ​​ជា​​រដ្ឋ​សមាជិក​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី (OIF)នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​​នៅ​ចុង​ឆ្នាំ​២០២៦នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *

1 × three =

ពេញនិយម

Exit mobile version