អន្តរជាតិ
អង់គ្លេស កោះប្រជុំប្រទេសចំនួន ៣៥ បើកច្រកសមុទ្រ Hormuz ឡើងវិញ
(ឡុងដ៏)៖ អង់គ្លេសនឹងកោះប្រជុំប្រទេសចំនួន ៣៥ តាមប្រព័ន្ធអនឡាញ ដោយគ្មានវត្តមានសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនដ៏សំខាន់សម្រាប់ប្រេង និងឧស្ម័ន ត្រូវបានរងហានិភ័យដោយសង្គ្រាមមជ្ឈិមបូព៌ា។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានលើកឡើងនៅថ្ងៃទី២មេសានេះថា ដំណាក់កាលបន្ទាប់នៃការពិភាក្សារបស់អង់គ្លេស និងបារាំង គឺធានាផ្លូវទឹកនេះនឹងត្រូវបើកឡើងវិញនៅថ្ងៃខាងមុខដ៏ខ្លី ដោយមានរដ្ឋមន្ត្រីការបរទេសលោកស្រី Yvette Cooper រួមជាមួយមេដឹកនាំអន្តរជាតិជាច្រើន។
កិច្ចប្រជុំនេះនឹងប្រមូលផ្តុំប្រទេសចំនួន ៣៥ ដើម្បីវាយតម្លៃវិធានការការទូត និងនយោបាយដែលអាចអនុវត្តបានទាំងអស់ ដើម្បីស្តារសេរីភាពនៃការធ្វើនាវាចរណ៍ ធានាសុវត្ថិភាពរបស់កប៉ាល់ និងនាវិកដែលជាប់គាំង និងដើម្បីបន្តចលនាទំនិញសំខាន់ៗឡើងវិញ។
យ៉ាងណាក៏ដោយ កិច្ចប្រជុំនេះនឹងកោះប្រជុំប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមកាលពីខែមុន ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត។ ប្រទេសជាច្រើនទៀតបានចូលរួមចាប់តាំងពីពេលនោះមក រួមមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងហូឡង់ ក៏ដូចជាអូស្ត្រាលី ជប៉ុន កាណាដា កូរ៉េខាងត្បូង នូវែលសេឡង់ អេមីរ៉ាតអារ៉ាប់រួម និង នីហ្សេរីយ៉ា ប៉ុន្តែគ្មានឈ្មោះអាម៉េរិកឡើយ៕