អន្តរជាតិ

សង្រ្គាម​​មជ្ឈិមបូព៌ា៖ ​បណ្តា​ប្រទេស​នៅ​ឈូង​សមុទ្រខាត​បង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លា​រ ខណៈអាម៉េរិកបង្កើនសន្ទុះវាយប្រហារអ៊ឺរ៉ង់

Published

on

70 Views

(មជ្ឈិមបូព៌ា)៖ សង្គ្រាម​រវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល​លើ​អ៊ីរ៉ង់​ បាន​ជះ​ឥទ្ធិពលអាក្រក់​​​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ពាសពេញតំបន់​មជ្ឈិមបូព៌ា​ ជា​ពិសេស​ប្រទេសរដ្ឋ​​​អារ៉ាប់​ ដោយមាន​​មនុស្សរាប់លាននាក់​បានធ្លាក់​ចូល​ក្នុង​​វិបត្តិសេដ្ឋកិច្ច​ និងមនុស្សធម៌ ដោយមិនអាចនឹកស្រម៉ៃថាថ្ងៃសន្តិភាពពេញលេញនឹងវិលត្រឡប់មកដូចដើមឡើយ ខណៈអាម៉េរិកបានបញ្ជូនកងទ័ពពិសេសជិត៣ពាន់នាក់បន្ថែមចូលជ្រៅ​នៅក្នុងសមរភូមិសង្គ្រាម។​

យោង​តាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ​(UNDP) ចេញផ្សាយ​នៅថ្ងៃ​ទី​៣១ ខែមីនានេះ បានឱ្យដឹង​ថា ផលិត​ផល​ក្នុង​ស្រុកសរុប (GDP) ​ក្នុងតំបន់​ប្រទេស​អារ៉ាប​​ធ្លាក់​ចុះ​ប្រហែល ៣.៧ ទៅ ៦ភាគរយ ស្មើ​នឹង​​ទឹក​ប្រាក់​ពី​ ១២០ប៊ី​លានដុល្លារទៅ ១៩៤ប៊ី​លានដុល្លារ បន្ទាប់​ពី​សង្គ្រាម​មួយនេះបន្តអូសបន្លាយជិត២​ខែ។​

លោក Abdallah Al Dardari ជំនួយការ​អគ្គលេខាធិការអង្គ​ការ​សហ​ប្រជាជាតិនិងជានាយកការិយាល័យ​តំបន់ UNDP សម្រាប់​រដ្ឋ​អារ៉ាប់បានលើក​ឡើង​ថា​ «ការងារចំនួន ៣.៧លាន​កន្លែង​បាន​ត្រូវ​បិទទ្វា ​ហើយ​មនុស្ស​ប្រហែល៤លាននាក់ទៀត​នៅ​ក្នុង​តំបន់​អាច​ធ្លាក់​ក្រោម​បន្ទាត់នៃ​ភាព​ក្រីក្រ​»។

ជម្លោះ​រយៈ​ពេលខ្លីប៉ុន្តែមាន​ឥទ្ធិពលអាក្រក់​​ខ្លាំង ​ដោយសារសង្គ្រាមនេះអាម៉េរិក-អ៊ីស្រាអែល​និងអ៊ីរ៉ង់ បានដាក់គោលដៅវាយប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថាមពល​ឈូងសមុទ្រ កន្លែងស្តុកប្រេងសំខាន់ៗ និងការ​បិទ​ច្រក​សមុទ្រ Hormuz ប៉ះ​ពាល់​​ការនាំចេញ​ប្រេង ឧស្ម័នជាង២០ភាគរយនៃការដឹកជញ្ជូនសរុបរបស់ពិភពលោក។

បន្ថែមពីនោះ ការកើនឡើង​នៃអត្រាភាពក្រីក្របាន​កើនឡើងយ៉ាងខ្លាំងក្នុង​តំបន់ ​Levant ក្នុង​នោះ​​ប្រទេស​ងាយរងគ្រោះ​រួម​មាន​ ស៊ូដង់ និងយេម៉ែនជាកន្លែងដែល​មាន​ហានិភ័យ​​ជាង​គេ​បំផុត ហើយ​ការប៉ះ​ទង្គិចនេះ​នឹង​​ប្រែទៅជាការបាត់បង់​សុខុមាលភាព​ប្រជា​ជន​។

ប្រទេសលីបង់បានធ្លាក់ចូល​ក្នុងសង្គ្រាម​ បន្ទាប់ពីក្រុមហេសបូឡា​សវាយប្រហារ​អ៊ីស្រាអែល ដើម្បី​សងសឹកចំពោះការសម្លាប់​អតីត​មេដឹកនាំកំពូល​អ៊ីរ៉ង់ អាយ៉ាតូឡាស់ អាលី ខាមេណៃ​ (Ayatollah Ali Khamenei) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាពិសេសការវាយប្រហារ​តាមអាកាស និងជម្លៀស​ពល​រដ្ឋ​ចេញ​ជា​បន្តបន្ទាប់ បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់​ធ្ងរ​ក្នុង​តំបន់ដូច​ជា លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងសេវាសាធារណៈ ជាមួយនឹងការផ្លាស់​ទីលំនៅទ្រង់ទ្រាយធំទៀត​ផង​។

ទោះបីជាយ៉ាងណាក៏ដោយ បើយើងក្រលែកមើលតំបន់អាស៊ីអាគ្នេយ៍ សង្គ្រាមនៅមជ្ឈិមបូព៌ា ក៏បានបង្កើនសម្ពាធហិរញ្ញវត្ថុតាមរយៈការកើនឡើងនៃតម្លៃប្រេង ការរំខានពាណិជ្ជកម្ម និងការថយចុះវិនិយោគិន។ ប្រទេសជាច្រើនដូចជាកម្ពុជា ថៃ និងវៀតណាមពឹងផ្អែកលើប្រេងឥន្ធនៈនាំចូល ដូច្នេះជម្លោះដែលប៉ះពាល់ដល់ច្រកសមុទ្រហ័រមូសអាចបង្កើនថ្លៃដើម និងបង្កឱ្យមានអតិផរណា។

ជារួម ខណៈពេលដែលសង្គ្រាមមជ្ឈិមបូព៌ាមិនតែងតែបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុពេញលេញនោះទេ វានៅតែអាចប៉ះពាល់យ៉ាងសំខាន់ដល់អាស៊ីអាគ្នេយ៍ដោយបង្កើនថ្លៃដើម កាត់បន្ថយសកម្មភាពពាណិជ្ជកម្ម និងបន្ថយទេសចរណ៍ និងការវិនិយោគ។ ផលប៉ះពាល់រួមគ្នាទាំងនេះអាចធ្វើឱ្យស្ថិរភាពសេដ្ឋកិច្ចចុះខ្សោយ ជាពិសេសប្រសិនបើជម្លោះអូសបន្លាយរយៈពេលយូរតទៅមុខទៀត៕

ដោយ៖ ចិន្តា ទីទិ

Leave a Reply

Your email address will not be published. Required fields are marked *

4 + 5 =

ពេញនិយម

Exit mobile version