ព័ត៌មានទូទៅ
Meta ត្រូវបង់ប្រាក់ជិត ៤០០លានដុល្លា ពីបទបំពានលើសុវត្ថិភាពកុមារ
គណៈវិនិច្ឆ័យ រដ្ឋ New Mexico បានចេញសេចក្តីសម្រេចកាលពីថ្ងៃអង្គារ ទី២៤ ខែមីនា ថា ក្រុមហ៊ុន Meta បានធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់កុមារដោយចេតនា និងបានបិទបាំងនូវអ្វីដែលខ្លួនដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន ជាសាលក្រមមួយដែលបង្ហាញពីការផ្លាស់ប្តូរនិន្នាការប្រឆាំងក្រុមហ៊ុនបច្ចេកវិទ្យា និងឆន្ទៈរបស់រដ្ឋាភិបាលក្នុងការបង្ក្រាប។
សេចក្តីសម្រេចដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីការជម្រះក្តីរយៈពេលជិត៧សប្តាហ៍ និងខណៈដែលក្រុមគណៈវិនិច្ឆ័យនៅក្នុងតុលាការសហព័ន្ធនៅរដ្ឋកាលីហ្វរនីញ៉ា ត្រូវបានដាក់ឲ្យនៅដោយឡែកក្នុងការពិភាក្សារយៈពេលជាងមួយសប្តាហ៍អំពីថាតើក្រុមហ៊ុន Meta និង YouTube គួរតែទទួលខុសត្រូវក្នុងករណីស្រដៀងគ្នានេះដែរ ឬយ៉ាងណា។
គណៈវិនិច្ឆ័យរដ្ឋ New Mexico បានចូលរួមខាងរដ្ឋអាជ្ញារដ្ឋ ដែលបានអះអាងថា ក្រុមហ៊ុន Meta ដែលជាម្ចាស់ Instagram, Facebook និង WhatsApp បានផ្តល់អាទិភាពដល់ប្រាក់ចំណេញជាងសុវត្ថិភាព និងបានបំពានលើផ្នែកមួយចំនួននៃច្បាប់អនុវត្តដ៏អយុត្តិធម៌របស់រដ្ឋ។
គណៈវិនិច្ឆ័យ បានយល់ស្របទៅនឹងការចោទប្រកាន់ថា ក្រុមហ៊ុន Meta បានធ្វើសេចក្តីថ្លែងការណ៍មិនពិត ឬបំភាន់ ហើយក៏បានយល់ស្របផងដែរថា ក្រុមហ៊ុន Meta បានចូលរួមក្នុងការអនុវត្តពាណិជ្ជកម្ម «មិនសមហេតុផល» ដែលបានទាញយកប្រយោជន៍ពីភាពងាយរងគ្រោះ និងកង្វះបទពិសោធន៍របស់កុមារដោយអយុត្តិធម៌។
គណៈវិនិច្ឆ័យបានរកឃើញថាមានការរំលោភបំពានរាប់ពាន់ករណី ដែលករណីនីមួយៗត្រូវបានរាប់បញ្ចូលដាច់ដោយឡែកពីគ្នាសម្រាប់ការពិន័យចំនួន៣៧៥លានដុល្លារអាមេរិក។ នោះគឺតិចជាងមួយភាគប្រាំនៃអ្វីដែលរដ្ឋអាជ្ញាកំពុងស្វែងរក។
ប្រភព៖ BTV NEWS