ព័ត៌មានទូទៅ
បទយកការណ៍៖ ពិធីឡើងអ្នកតានៅកោះស្នែង កំពុងស្ថិតក្នុងហានិភ័យបាត់បង់នៅក្នុងតំបន់ជនបទដាច់ស្រយាលនៃ ភូមិកោះស្នែង
ប្រពៃណីបុរាណមួយដែលជាអត្តសញ្ញាណសំខាន់របស់ជនជាតិដើមភាគតិច កំពុងប្រឈមមុខនឹងការបាត់បង់បន្តិចម្តងៗ។ ពិធីនេះគឺ “ពិធីឡើងអ្នកតា” ដែលមានន័យជាពិធីគោរពដល់វិញ្ញាណបុព្វបុរស និងអ្នកថែរក្សាភូមិ តាមជំនឿបុរាណ។អ្នកស្រី ណា អូសា ជំទប់ទី១ ឃុំកោះស្នែង បានរៀបរាប់ប្រាប់NetraPost យ៉ាងដូច្នេះថា អ្នកភូមិនៅទីនេះពួកគេគោរពប្រពៃណីចំនួនពីរប្រភេទគឺ អាណាចក្រនិងពុទ្ធិចក្រ ដោយឡែកចំពោះអ្នកភូមិកោះស្នែង ពួកគេតែងតែប្រារពពីធីឡើងអ្នកតាជារៀងរាល់ឆ្នាំ។
នៅពេលបច្ចុប្បន្ននេះ ពិធីឡើងអ្នកតាមិនមានការចូលរូបទៀតទេ ដោយគ្រាន់តែសែនឧបកិច្ចយកប៉ុណ្ណោះ។
តាមការលើកឡើងរបស់ អ្នកស្រី ណា អូសា បានឱ្យដឹងថា មូលហេតុដែលការចូលរូបនៃពិធីឡើងអ្នកតាបានបាត់បង់ក៏ព្រោះថា នៅអំឡុងឆ្នាំ១៩៨៧ លោកតា សំ បួរ ជាអ្នកចូលរូបក្នុងពិធីឡើងអ្នកតាបានស្លាប់ ចាប់តាំងពីពេលនោះមកគ្មានអ្នកបន្តវេនពីលោកទៀតទេ សូប្បីតែកូនចៅរបស់លោកតា សំបួរផ្ទាល់។
អ្នកស្រី ណា អូសា បានឱ្យដឹងទៀតថា បញ្ហាធំបំផុតដែលធ្វើឱ្យពិធីនេះកាន់តែខ្សោយ គឺការខ្វះការបន្តពីយុវជនជំនាន់ក្រោយ។ អ្នកស្រីបានបញ្ជាក់ថា មុននេះប្រជាពលរដ្ឋក្នុងភូមិចូលរួមយ៉ាងសកម្ម ប៉ុន្តែបច្ចុប្បន្នយុវជនមួយចំនួនមិនសូវចាប់អារម្មណ៍ ឬមិនយល់ពីសារៈសំខាន់នៃប្រពៃណីនេះទេ។
ពិធីឡើងអ្នកតា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការរៀបចំអាហារ ផ្លែឈើ និងការបូជាផ្សេងៗ ដើម្បីសូមសេចក្តីសុខសាន្ត និងការការពារពីវិញ្ញាណអ្នកតា។