សង្គម និងការអប់រំ
ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ប៉ះពាល់ដល់សុខុមាលភាពយុវជន
របាយការណ៍សុភមង្គលពិភពលោក (World Happiness Report) ដែលត្រូវបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) បានរកឃើញថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ហាក់ដូចជាបានរួមចំណែកដល់ការធ្លាក់ចុះសុខុមាលភាព ក្នុងចំណោមយុវជន ជាពិសេសក្មេងស្រី នៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេសមួយចំនួន។
ប្រទេសមួយចំនួននៅទូទាំងពិភពលោក កំពុងធ្វើការរួចហើយលើផែនការ ដើម្បីទប់ស្កាត់ការចូលប្រើប្រាស់បណ្ដាញសង្គមរបស់ក្មេងៗ បន្ទាប់ពីអូស្ត្រាលី ក្នុងខែធ្នូឆ្នាំមុន បានក្លាយជាប្រទេសដំបូងគេរបស់ពិភពលោកដែលហាមឃាត់ការប្រើប្រាស់បណ្ដាញសង្គម សម្រាប់ក្មេងៗអាយុក្រោម ១៦ឆ្នាំ។
ការស្រាវជ្រាវចុងក្រោយបំផុតដែលបានចេញផ្សាយនៅក្នុងរបាយការណ៍សុភមង្គលពិភពលោកប្រចាំឆ្នាំ គឺផ្អែកលើទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារអាមេរិក Gallup និងការសិក្សាផ្សេងទៀត ដែលត្រូវបានវិភាគដោយក្រុមអ្នកជំនាញសកលដឹកនាំដោយសាកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេស។ អ្នកស្រាវជ្រាវ សម្រាប់របាយការណ៍ឆ្នាំ២០២៦ បានបញ្ចូលទិន្នន័យរបស់ក្រុមហ៊ុន Gallup ជាមួយនឹងទិន្នន័យពីកម្មវិធីវាយតម្លៃនិស្សិតអន្តរជាតិរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និងការសិក្សាផ្សេងទៀត ដែលនាំឲ្យពួកគេសន្និដ្ឋានថា ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ហាក់ដូចជាកាត់បន្ថយភាពរីករាយក្នុងជីវិត។
សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ច លោក Jan-Emmanuel de Neve មកពីសាកលវិទ្យាល័យ Oxford ដែលជាអ្នកផ្ទៀងផ្ទាត់ម្នាក់នៃរបាយការណ៍សុភមង្គលពិភពលោកនេះ បានប្រាប់សារព័ត៌មាន Reuters ថា៖ «សារដែលបង្ហាញអត្ថន័យយ៉ាងច្បាស់លាស់នេះ គឺថា យើងគួរតែព្យាយាមធ្វើឲ្យសង្គមប្រើប្រាស់បណ្ដាញសង្គមក្នុងការទាក់ទងគ្នា»។ ដោយបានព្រមានថា ផលប៉ះពាល់ពីបណ្ដាញសង្គមលើសុខុមាលភាព គឺស្មុគស្មាញ លោកបានប្រាប់ថា ទិន្នន័យរួមបញ្ចូលគ្នា បានបង្ហាញថា ក្មេងស្រីអាយុ ១៥ឆ្នាំដែលប្រើប្រាស់បណ្ដាញសង្គមលើសពី ៥ម៉ោង ក្នុងមួយថ្ងៃ ត្រូវបានរាយការណ៍ថា មានការពេញចិត្តក្នុងជីវិត ទាបជាងក្មេងស្រីដែលមានអាយុស្របាលគ្នា ដែលប្រើប្រាស់បណ្ដាញសង្គមតិចជាង៕
ប្រភព៖ BTV NEWS