ពត៌មានទូទៅ

ហេតុអ្វីបានជាសហរដ្ឋអាមេរិក វាយប្រហារអ៊ីរ៉ង់?

Published

on

31 Views

អត្ថបទបែបវិភាគរបស់សារព័ត៌មានរ៉យទ័របាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារដ៏មហិច្ឆតាបំផុតរបស់ពួកគេទៅលើប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ កាលពីថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅក្នុងប្រតិបត្តិការមួយ ដែលបានសម្លាប់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei។

ល្បែងគោលនយោបាយការបរទេសដ៏ធំបំផុតនៃអាណត្តិប្រធានាធិបតីរបស់លោកប្រធានាធិបតីអាមេរិក Donald Trump មួយនេះ បានកើតឡើងបន្ទាប់ពីលោកបានធ្វើយុទ្ធនាការសម្រាប់ការបោះឆ្នោតឡើងវិញជា «ប្រធានាធិបតីសន្តិភាព» និងបន្ទាប់ពីបាននិយាយថា លោកពេញចិត្តដំណោះស្រាយការទូតចំពោះការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់។

មុនពេលប្រតិបត្តិការយោធា លោក Trump បានលើកយកបញ្ហាអ៊ីរ៉ង់មួយចំនួនមកនិយាយដោយសង្ខេបនៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកកាលពីថ្ងៃអង្គារសប្តាហ៍មុន ហើយបន្ទាប់មក បានលើកឡើងម្ដងទៀតនៅក្នុងសារវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយបានដាក់ចេញនូវគោលបំណងសំខាន់ៗដូចខាងក្រោម៖

១.ការរារាំងអ៊ីរ៉ង់ មិនឱ្យទទួលបានអាវុធនុយក្លេអ៊ែរ

លោក Trump បាននិយាយម្តងហើយម្តងទៀតថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត។ លោក​​អះអាង​ថា ​បាន «បំផ្លាញ» កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​ក្នុង​ការ​វាយប្រហារ​កាលពី​ខែមិថុនា​ឆ្នាំមុន ប៉ុន្តែ​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា ​ទីក្រុង​តេអេរ៉ង់ ​បាន​ព្យាយាម​កសាង​កម្មវិធី​នេះ​ឡើង​វិញ។ ហេតុផលមួយដែលអាមេរិក និងអ៊ីស្រាអែល បានលើកឡើងចំពោះការទម្លាក់គ្រាប់បែកកាលពីខែមិថុនា គឺថា អ៊ីរ៉ង់កំពុងខិតជិតដល់សមត្ថភាពផលិតអាវុធនុយក្លេអ៊ែរហើយ។

២.ការទប់ស្កាត់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោក និងសុន្ទរកថានៅថ្ងៃសៅរ៍ លោក Trump បានសំដៅទៅលើភាពជឿលឿននៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ដោយនិយាយថា នោះគឺជាការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សហរដ្ឋអាមេរិក។

៣.ដើម្បីលុបបំបាត់ការគំរាមកំហែងរបស់អ៊ីរ៉ង់ ព្រមទាំងក្រុមឧទ្ទាមដែលអ៊ីរ៉ង់គាំទ្រ និងការពារជនជាតិអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក៖

លោក Trump បាននិយាយថា គោលបំណងនៃការវាយប្រហារដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍នោះគឺ «ដើម្បីការពារប្រជាជនអាមេរិក ដោយការលុបបំបាត់ការគំរាមកំហែងដែលជិតមកដល់ពីរបបអ៊ីរ៉ង់ ដែលជាក្រុមមនុស្សដ៏កាចសាហាវ និងគួរឱ្យខ្លាចមួយក្រុម»។

៤. ដាក់ទោសអ៊ីរ៉ង់ ដោយសារតែការប្រព្រឹត្តរបស់ខ្លួនលើហ្វូងបាតុករ

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ លោក Trump បាននិយាយម្តងហើយម្តងទៀត អំពីការចោទប្រកាន់ដែលថា អ៊ីរ៉ង់បានសម្លាប់អ្នកតវ៉ាយ៉ាងហោចណាស់ ៣២.០០០នាក់ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ជាតួលេខដែលមិនអាចផ្ទៀងផ្ទាត់បានឡើយ។ កាលពីថ្ងៃសៅរ៍ លោកបានលើកឡើងម្ដងទៀតថា អ៊ីរ៉ង់បានសម្លាប់ «ពលរដ្ឋរបស់ខ្លួនរាប់ម៉ឺននាក់នៅតាមដងផ្លូវ ខណៈពេលដែលពួកគេកំពុងតវ៉ា»។

៥. ការផ្លាស់ប្តូររបប

កាលពីថ្ងៃសៅរ៍ លោក Trump បានអំពាវនាវឱ្យ «ប្រជាជនអ៊ីរ៉ង់ដ៏មានមោទនភាពយ៉ាងខ្លាំង» ឱ្យក្រោកឡើង ហើយដណ្តើមអំណាចពីអ្នកគ្រប់គ្រងរបស់ពួកគេ។ 

ខណៈពេលកំពុងអំពាវនាវឱ្យប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរដ្ឋាភិបាល លោក Trump បានព្រមានថា៖ «ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លា និងចំៗ…នឹងបន្តដោយគ្មានការរំខានឡើយ ពេញមួយសប្តាហ៍ ឬដរាបណាចាំបាច់ ដើម្បីសម្រេចបាននូវគោលបំណងនៃសន្តិភាពរបស់យើងនៅទូទាំងមជ្ឈិមបូព៌ា និងជាការពិតណាស់ សម្រាប់ពិភពលោកទាំងមូល!»៕

ប្រភព៖​ BTV NEWS

Leave a Reply

Your email address will not be published. Required fields are marked *

7 − six =

ពេញនិយម

Exit mobile version