ពត៌មានទូទៅ
តើកម្ពុជាគួរដោះស្រាយបែបណាខណ:ថៃបន្តសង់សំណង់រឹងលើដីរបស់ខ្លួន?
លោកបណ្ឌិត អ៊ិន សុផល គឺជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ បានសរសេរតាមទំព័រហ្វេសបុកផ្ទាល់ខ្លួន ដោយបង្ហាញពីការពិតដែលនាំឱ្យថៃបន្តលើកពេលក្នុងកិច្ចប្រជុំ JBC និងប្រាប់ពីយុទ្ធសាស្រ្តត្រូវប្រយ័ត្ន និងតបតជាមួយថៃ ក្នុងកាលៈទេសៈនេះ និងទៅថ្ងៃអនាគត។
Netra Post សូមដកស្រង់សំណេរទាំងស្រុងពីបណ្ឌិត អ៊ិន សុផល ដែលជាសាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅ។
១.ថៃពន្យាពេលដល់ក្រោយបោះឆ្នោតនិងរៀបចំរដ្ឋាភិបាលថ្មី (មិនស្រួលជាប់គាំង) អាចត្រូវការពេល ពី៣ទៅ៥ខែ ដូច្នេះថៃប្រើលេសនេះ ដើម្បីឈួសឆាយផ្ទះប្រជាជពលរដ្ឋនិងអគាររដ្ឋបាលផ្សេងៗឱ្យអស់ទាំងស្រុងដើម្បីបំបាត់អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ។
២.បន្ទាប់ពីឈួសឆាយអស់ ថៃកំពុងសម្រុកសាងសង់សំណង់រឹង ដែលជាអត្តសញ្ញាណរបស់ថៃនៅលើដីខ្មែរទាំង១៤កន្លែងឱ្យចប់មុនរដ្ឋាភិបាលថ្មីកើតឡើង ទើបថៃយល់ព្រមចូលតុចរចាជាមួយកម្ពុជា។
២.១.នៅពេលចរចាថៃនឹងទាមទារឱ្យកម្ពុជាទទួលស្គាល់ការកាន់កាប់លើដីជាក់ស្តែង ! បើកម្ពុជាមិនព្រម ហើយបើមើលទៅកម្ពុជាខ្សោយ ថៃនឹងប្រើពាក្យអាបាតឃ្លាំងថា “បើមិនព្រមមកវ៉ៃយកទៅ”។
២.២. បើកម្ពុជាខ្លាំង និងមានសម្ពាធពីអន្តរជាតិដូចជាចិន និងអាម៉េរិក ធ្វើឱ្យថៃគ្មានជម្រើស ពេលនោះថៃអាចយល់ព្រមទទួលយកផែនទីខ្នាត១/២០០.០០០ តាមសន្ធិសញ្ញាបារាំងសៀម១៩០៤, ១៩០៧។
២.៣.ទោះបីថៃយល់ព្រមក៏ដោយ ក៏ថៃមិនព្រមដកចេញពីតំបន់ទាំង១៤នេះដែរ ហើយថៃនឹងលើកសំណើតាមគោលការណ៍កាន់កាប់លើដីជាក់ស្តែង ដោយសម្អាងថាថៃមិនអាចរុះរើសំណង់រឹងរបស់ខ្លួនបានទេ ដូច្នេះថៃស្នើសុំដោះដូរដីបើមានការចាំបាច់។
៣.បើកម្ពុជាមិនព្រមតាមការស្នើសុំដោះដូរដី ថៃអាចដាក់សម្ពាធយោធាមកលើកម្ពុជាម្តងទៀត លើកនេះអាចបិទដែនសមុទ្រកម្ពុជា ព្រោះថៃដឹងថាជាដង្ហើមរស់របស់កម្ពុជា។
តើកម្ពុជាគួរដោះស្រាយបែបណា?
Scenarios របស់កម្ពុជា
១. បន្តព្យាយាមយ៉ាងសកម្មតាមរយៈការទូត ចរចាទ្វេភាគី ស្វែងរកការគាំទ្រពីប្រទេសមហាអំណាច។
២.ពង្រឹងសមត្ថភាពយោធាឱ្យបានខ្លាំងទាំងជើងទឹក, ជើងគោក និងជើងអាកាស។
៣.តើកម្ពុជាធ្វើបែបណា ទើបអាចពង្រឹងសមត្ថភាពយោធាលើវិស័យទាំង៣នេះបាន?
៣.១.ពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម គ្រប់ច្រកដែលអាចធ្វើទៅបាន។
៣.២.សម្អាតមាត់ធ្មេញ ដែលមានក្លិនស្អុយនៅនឹងចុងច្រមុះ បន្ទាប់មកចាំសម្អាតខ្លួនប្រាណ និងចុងជើង។
៣.៣.និមន្តព្រះសង្ឃ ឬហៅគ្រូចាប់ខ្មោច មកបណ្តេញខ្មោចនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ រួចប្រមូលកងកម្លាំងពិតចូលហ្វឹកហាត់នៅក្នុងបន្ទាយជាប់ជាប្រចាំ មិនអនុញ្ញាតឱ្យទៅរស់នៅតាមផ្ទះ ទោះបីស្រុកសន្តិភាព កងកម្លាំងទាំងអស់ ត្រូវនៅក្នុងបន្ទាយហាត់រៀនក្បួនច្បាប់យុទ្ធសាស្ត្រដែរ។
៣.៣.កំណត់គោលការណ៍ “កងទ័ពម្នាក់ ដ្រូនអត្តឃាតមួយគ្រឿង” សង្គ្រាមសម័យបច្ចេកវិទ្យាគេមិនសូវប្រើកម្លាំងមនុស្សទេ ។
៤.បើថៃនៅតែព្រហើនចង់កម្ទេចកម្ពុជា កម្ពុជាក៏មិនទុកឱ្យថៃបានសុខដែរ គឺទីតាំងវិនិយោគប្រេង និងឧស្ម័នធំបំផុតរបស់ថៃ (Erawan Gas Field)របស់ក្រុមហ៊ុន PTT.នៅក្នុងឈូងសមុទ្រថៃមានតម្លៃជិត១ពាន់លានដុល្លារ ហើយមានចម្ងាយតែ២៨០គម.ពីក្រុងព្រះសីហនុប៉ុណ្ណោះ !
ចំណាំ៖ កូនខ្មែរ ត្រូវចងចាំឱ្យច្បាស់ថា កម្ពុជា និងថៃ គ្មានសន្តិភាពទេអស់រយៈពេល ៦៧៥ឆ្នាំ (១៣៥១-២០២៦) កន្លងមកហើយ គឺថៃប្រើវិធីសាស្ត្រឈ្លានពានទឹកដីខ្មែរ តាមរូបភាពដដែល មិនផ្លាស់ប្តូរនិងយកទឹកដីខ្មែរបានជាបន្តបន្ទាប់។